(ភ្នំពេញ)៖ លោក លី ណារុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ថា នៅពេលដែលប្រជាពលរដ្ឋជួបទុក្ខលំបាក គ្មានអ្នកណា ម្នាក់មកជួយទេ មានតែគណបក្សប្រជាជនតែមួយគត់ ដែលជំហររបស់បក្សបានប្រកាន់ភ្ជាប់ថា គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន និងធ្វើអ្វីៗទាំង អស់សម្រាប់ប្រជាជន។

លោក លី ណារុន បានថ្លែងដូចនេះ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសតំណាងលោក ឱម យ៉ិនទៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជា ជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខណ្ឌទួលគោក អញ្ជើញជាអធិបតីក្នុងពិធីប្រកាស ទទួលស្គាល់សមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងកក់២ ចំនួន ៤៧៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីលោក ជា ពិសី ប្រធានគណកម្មាធិការ គណបក្ស ប្រជាជនកម្ពុជាក្នុងខណ្ឌទួលគោក និងសមាជិក សមាជិកាជាច្រើនរូបទៀត ។

លោក លី ណារុន បានថ្លែងដូចនេះថា «នៅក្នុងសម័យពលពត ឱ្យតែត្រឡប់មកវិញដឹងតែសម្លាប់ហើយ គ្មានអីធ្វើឱ្យយើងនៅសល់ទេ សួរថាពេលនោះអ្នកណា ខ្លះជួយ យើង ឈ្មោះ សម រង្ស៊ី នៅឯណា ឈ្មោះបក្សសង្គ្រោះជាតិនៅឯណា ឈ្មោះបក្សភ្លើងទៀននៅឯណា ឈ្មោះបក្សសិទ្ធមនុស្សនៅឯណា គឺមិនមាននោះទេ នៅពេលដែល យើងជួបទុក្ខលំបាកគ្មានឃើញអ្នកណាម្នាក់មកជួយយើងទេ មានតែគណបក្សប្រជាជនតែមួយគត់ ដែលជំហររបស់បក្ស បានប្រកាន់ភ្ជាប់ថា គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន និងធ្វើអ្វីៗទាំងអស់សម្រាប់ប្រជាជន នេះជាគោលនយោបាយរបស់បក្ស»

លោក លី ណារុន បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំតែមួយគត់ ដែលបានរំដោះ និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា ចេញពីរបបប៉ុលពត ហើយក៏ជាគណបក្ស ដែលមានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ក្នុងការបង្កើត និងថែរក្សាសន្តិភាព ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ។

លោក លី ណារុន បានបញ្ជាក់ទៀតថា ជានិច្ចកាលគណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាពប្រទេសជាតិ និងប្រជាជន ត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា កុំជឿពាក្យញុះញង់ពីគណបក្សផ្សេង ដោយរក្សាឱ្យបាននូវសាមគ្គីភាព ក្នុងនាមជាមហាគ្រួសារគណបក្សកម្ពុជា។

ជាមួយគ្នានោះ តំណាងសមាជិកបក្សថ្មី ក៏បានប្រកាសពីការប្តេជ្ញាចិត្តគោរព និងអនុវត្តតាមគោលនយោបាយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងបាន ប្ដេជ្ញា បន្តស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងដែលជាចំណុចស្នូលនៃភាពខ្លាំង និងជោគជ័យរបស់បក្ស និងបានប្ដេជ្ញាចូលរួមរាល់សកម្មភាពរបស់បក្ស ការពារសមិទ្ធិផល និងការពារ សន្តិភាព! ប្ដេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រ បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតផងដែរ៕