(បាត់ដំបង)៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី លោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងលោកស្រី នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ បានដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យវិសាខបូជា និងដង្ហែក្បួនវិសាខបូជា នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង។

បុណ្យវិសាខបូជា គឺជាពិធីបុណ្យមួយដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗ៣ នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ រយៈពេល២ឆ្នាំកន្លងទៅនេះ បានរារាំងក្នុងការប្រារព្ធពិធីសាសនានានា ដែលមានការជួបជុំគ្នាប៉ុន្តែសម្រាប់ឆ្នាំ២០២២នេះ ដោយសារតែនយោបាយស្រោចវ៉ាក់សាំងកូវីដ១៩ បានធ្វើការចាក់ជូនប្រជាពលរដ្ឋបានយ៉ាងជោគជ័យ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសឡើងវិញ និងបានអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យសាសនា និងពិធីបុណ្យផ្សេងៗទៀតឡើងវិញ បង្កលក្ខណៈដល់រដ្ឋបាលខេត្តបាត់ដំបង អាចរៀបចំពិធីបុណ្យវិសាខបូជា និងដង្ហែក្បួនវិសាខបូជា ហើយប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយ ក៏បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលក៏កំណត់នៅក្នុងច្បាប់រដ្ឋផងដែរថាសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ក្រោមបាវចនាថា ជាតិ សាសនា ព្រះមហាក្សត្រ៕