(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគបាលខេត្តកំពង់ធំ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មការ (ខ-២៧) បានលើកឡើងថា កត្តាស្ថិរភាពនយោបាយ សុខសន្ដិភាពពេញលេញ បានបង្កឱ្យក្លាយជាថាមពល និងឱកាសយ៉ាងច្រើនឥយគណនា សម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងផ្ទៃប្រទេ ដើម្បីបំពេញសកម្មភាពនានា។

ការលើកឡើងបែបនេះ របស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក្នុងឱកាសលោកជួបសំណេះសំណាលជាមួយសាខា និងប្រធាន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រមាណជាង ៦០០នាក់ នៅឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ។

លោកបានលើកឡើងយ៉ាងដូច្នេះ៖ «ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើង ទទួលបានស្ថេរភាពនយោបាយ សុខសន្ដិភាព យ៉ាងពេញលេញ ប្រជាពលរដ្ឋ រស់នៅសុខសាន្ត ប្រកបមុខរបរមានប្រាក់ចំណូល ជីវភាពធូរធារ រក្សាបានកំណើនសេដ្ឋកិច្ច ក្នុងកម្រិតខ្ពស់ជំរុញដំណើរការកសាងអភិវឌ្ឍន៍ សំណង់ អគារ ហេដ្ឋារចនាសម្ព័ន្ធ ចាប់ពីទីក្រុង ដល់មូលដ្ឋានជនបទ តភ្ជាប់គ្នាប្រៀបដូចជាសសៃឈាម»

ជាមួយគ្នានោះដែរ លោកស្នងការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគ្នាការពារសន្តិភាព ស្រឡាញ់សន្តិភាព កុំបាញ់បោក រាល់ឧបាយល្បិចកលជនអគតិ មួយក្ដាប់តូច ដែលមានបំណងមិនល្អ បំផ្លិចបំផ្លាញ សុខសន្ដិភាព ការអភិវឌ្ឍ ដែលកំពង់កើតមាននាពេលសព្វថ្ងៃនេះ និងរុញច្រានប្រទេសជាតិឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាម និងជំរុញដល់ប្រជាពរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីជ្រើសរើសតំណាងដែលពេញចិត្ត ហើយដឹកនាំសហគមន៍របស់ខ្លួនឱ្យទទួលបានការរីកចម្រើន។

លោកបានបន្តថា ការបោះឆ្នោតជាសិទ្ធិនយោបាយ និងជាការទទួលខុសត្រូវដ៏សំខាន់របស់ប្រជាពលរដ្ឋគ្រប់រូប ហើយប្រជាពលរដ្ឋអនុវត្តន៍សិទិ្ធនៃការគ្រប់គ្រងអំណាចដោយខ្លួនឯង តាមរយៈការបោះឆ្នោត ព្រោះនៅក្នុងសង្គមប្រកាន់ប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស ជាម្ចាស់សិទ្ធិអំណាចជាអ្នកបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្ត និងតាមឆន្ទៈរបស់ខ្លួន។ ការបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ជាតិ និងសហករមូលដ្ឋាន ឬអ្នកដឹកនាំនៅកម្ពុជា ការអនុវត្តន៍គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានលក្ខណៈជាសកលផង និងមានលក្ខណៈអសកលផង៕