(សៀមរាប)៖ លោក ហង់ ពៅ ប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សមូលដ្ឋានអាជ្ញាធរជាតិអប្សរា នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ បានប្រារឰពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជានៃគណៈកម្មាធិការគណបក្សមូលដ្ឋានអាជ្ញាធរជាតិអប្សរាចំនួន៤៨០នាក់ នៃចំនួនសមាជិកបក្សថ្មីសរុបចំនួន៩៥៦នាក់ នៅសណ្ឋាគារប៉ាស៊ីហ្វិក។

លោកបានបង្ហាញពីសមិទ្ធផលសំខាន់ៗជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជារួមមាន៖

* ការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ដោយបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងការបើកប្រទេសឱ្យដំណើរការឡើងវិញធ្វើឱ្យវិស័យសេដ្ឋកិច្ចមានការអភិវឌ្ឍគួរឱ្យកត់សំគាល់។ ជាពិសេសបានដាក់ចេញយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាព ធ្វើឲ្យមានការថមថយនូវជម្ងឺកូវីដ១៩ ដែលចំណុចនេះមានការទទួលស្គាល់និងកោតសរសើរយ៉ាងខ្លាំងទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។

* មានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ស្ពាន ផ្លូវ ថ្នល់ ដែលពីមុនមានការលំបាកក្នុងការធ្វើដំណើរ តាមការឆ្លងសាឡាងជាដើម ប៉ុន្តែបច្ចុប្បន្ន បានតភ្ជាប់ស្ពាន ថ្នល់ពីកន្លែងមួយទៅមួយដើម្បីបង្កងាយស្រួលក្នុងការធ្វើដំណើរ និងទំនាក់ទំនងគ្នារបស់ប្រជាជននិងសកម្មភាពពាណិជ្ជកម្មផ្សេងៗ។ ដោយឡែកចំពោះខេត្តសៀមរាប ក៏មានការអភិវឌ្ឍគួរឱ្យកត់សំគាល់ ដូចជាការអភិវឌ្ឍផ្លូវ៣៨ខ្សែ ការកែលម្អសោភ័ណភាពតាមដងស្ទឹងសៀមរាប និងកែលម្អសោភ័ណភាពក្នុងតំបន់រមណីយដ្ឋានអង្គរជាដើម។ ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខបក្សបានចុះពិនិត្យមើលការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប។ តាមរយៈនេះ ខេត្តសៀមរាប នឹងក្លាយជាគោលដៅទទួលទេសចរអន្តរជាតិ តាមជើងហោះហើរឆ្ងាយៗដោយផ្ទាល់។

* កម្ពុជាក្នុងនាមប្រធានអាស៊ានប្តូរវេន កំពុងត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូលអាស៊ានធំៗ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើន ដែលមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំកំពូល នៃបណ្តាប្រទេសដៃគូដូចជា សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន ចិន សហភាពអ៊ឺរ៉ុប។ ជាក់ស្តែងកិច្ចប្រជុំអាស៊ាន-សហរដ្ឋអាមេរិក ដែលទើបតែបានបញ្ចប់នាពេលថ្មីៗនេះ បានបង្ហាញពីភាពជោគជ័យរបស់ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។

* បានបើកសម្ពោធពហុកីឡាដ្ឋានជាតិ ដែលជាជំនួយរបស់មិត្តចិន ហើយកំពុងតែត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា Sea Game ឆ្នាំ២០២៣ និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀត។

ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់លោកស្រី ភឿង សកុណា ប្រធានគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណបក្សមូលដ្ឋានអាជ្ញាធរជាតិអប្សរា បានចូលរួមចំណែកជាច្រើនក្នុងវិស័យបេតិកភណ្ឌ ការអភិវឌ្ឍសង្គមជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ ជាពិសេសក្នុងខេត្តសៀមរាប បានខិតខំធ្វើយ៉ាងណាឱ្យតំបន់អង្គរមានភាពទាក់ទាញ ហើយប្រាង្គប្រាសាទរក្សាបាននូវភាពគង់វង្ស។ នៅក្នុងកិច្ចការងារអភិរក្សផ្នែកបេតិកភណ្ឌប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ ដែលនេះជាមោទនភាពសម្រាប់គណបក្សមូលដ្ឋានអាជ្ញាធរជាតិអប្សរា ដែលបានចូលរួមចំណែក ដើរតួនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រ ធ្វើយ៉ាងណាបន្តកិច្ចការអភិរក្សក្នុងតំបន់អង្គរឱ្យមាននិរន្តភាព ក្នុងនោះដែរ អាយស៊ីស៊ីអង្គរ បានបន្តគាំទ្ររយៈពេល១០ឆ្នាំ ដើម្បីកិច្ចអភិរក្សនិងអភិវឌ្ឍន៍នៅតំបន់អង្គរ។

ក្នុងន័យនេះដែរ សូមឱ្យសមាជិក សមាជិកាទាំងអស់ធ្វើយ៉ាងណាហ៊ានបកស្រាយទៅវិញ លើមតិអគតិរបស់បុគ្គលមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជា។ ហើយក្នុងនាមជាសមាជិកសមាជិកាគម្រូ ត្រូវទៅធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតសកលឆ្នាំ២០២៣ ធ្វើយ៉ាងណារក្សាឱ្យបានសមាជិកម្នាក់មានសម្លេងបោះឆ្នោតលើសពីមួយសន្លឹកឡើងទៅ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឈានទៅរកការភិវឌ្ឍបន្ថែមទៀត៕