(កំពង់ធំ)៖ លោក ជា អឿង តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល័្កង្ក បានថ្លែងបញ្ជាក់ថា ជាមន្ត្រីគណបក្សប្រជាជនកម្ពុជា ទោះបីជាបេក្ខជនបម្រុងក្តី និងជាបេក្ខជនពេញសិទ្ធិក្តី ត្រូវតែរួបរួមគ្នាធ្វើការងារដើម្បីផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋាន ជាពិសេស ឲ្យពួកគាត់យល់អំពីតម្លៃក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោក ជា អឿង បានលើកឡើងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងឱកាដអញ្ជើញសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ ទាំង៧ឃុំ សម្រាប់អាណត្តិទី៥ នៅទីស្នាក់ការគណបក្សកម្ពុជា ប្រជាជនស្រុកប្រាសាទបល័្កង្ក។

លោក ជា អឿង បានថ្លែងដូចនេះថា «ការបោះឆ្នោតឃុំសង្កាត់នឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ខ្ញុំសូមជំរុញដល់បេក្ខជនឈរឈ្មោះ ទាំងអស់ ទោះបីជាបេក្ខជនបម្រុងក្តី និងជាបេក្ខជនពេញសិទ្ធិក្តី ត្រូវរួបរួមគ្នាធ្វើការងារឲ្យបានសស្រាក់សស្រាំ ដើម្បីធ្វើឲ្យយ៉ាងណាផ្ដល់ទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន ជាពិសេស ឲ្យពួកគាត់យល់អំពីតម្លៃក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា»។

លោក ជា អឿង បានបន្តថា ជាបេក្ខជនឈឈ្មោះត្រូវតែផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅសមិទ្ធិផលរបស់គណបក្សប្រជាជន ដែលបានអភិវឌ្ឍន៍តាមមូលដ្ឋានទាំងអស់ ដូចជាហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខ ភាពនានា ជាពិសេសរាជរដ្ឋាភិបាលបានខិតខំពុះពារគ្រប់ការលំបាកទាំងអស់ នៅពេលដែល ប្រទេសជាតិ ជួបនឹងស្ថានភាពស្មុគស្មាញទៀតសោតដូច ជាការរីករាលដាលនៃជំងឺកូវីដ១៩ រយៈពេលកន្លងមកហើយសម្ដេចបានខិតខំស្វះ ស្វែងរកវ៉ាក់សាំងឲ្យបាន ទាន់ពេលវេលា ដើម្បីចាក់ជូនប្រជាពលរដ្ឋ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធឲ្យបានគ្រប់គ្នាទាំងអស់។

ទាំងនេះគឺជាអ្វីដែលក្រុមការងារថ្នាក់ឃុំទាំងអស់ត្រូវតែផ្សព្វផ្សាយឲ្យប្រជាជននៅតាមតំបន់ មូលដ្ឋានទាំងអស់យល់កាន់តែច្បាស់ថាមិនមានថ្នាក់ដឹកនាំគណបក្សណា ដែលហ៊ានចេញមុខស្វែងរកថវិកាមូលនិធិ ដើម្បីដោះស្រាយនូវបញ្ហាជាតិទាំងអស់នេះទេ គឺមានតែគណបក្សប្រជាជនតែមួយគត់ ដែលបានឆ្លងកាត់នូវបទពិសោធន៍ ក្នុងការដឹកនាំប្រទេស ជាតិជាពិសេសគឺតម្លៃនៃសន្តិភាពសម្រាប់ប្រជា ជាតិទាំងមូលដែលមិនអាចកាត់ថ្លៃបានឡើយ។

ជាមួយគ្នានោះលោក ជា អឿង ក៏បានសំណូមពរដល់ថ្នាក់ ដឹកនាំមូលដ្ឋានទាំងអស់ត្រូវតែរួបរួមសាមគ្គីគ្នាសហការគ្នា ដើម្បីជួយដោះស្រាយនូវការលំបាកផ្សេងៗ ឲ្យបានទាន់ពេលវេលា ជាពិសេសទប់ស្កាត់នូវការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ក្រុមអគតិមួយចំនួន នៅតាមតំបន់មូលដ្ឋានដែលស្ថានភាពនេះធ្វើឲ្យមានការភាន់ច្រឡំ ដែលធ្វើឲ្យប្រជាពលរដ្ឋទាំងអស់អស់ទំនុកចិត្តមកលើថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី ៥ ខែមិថុនា ខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕