(ព្រះវិហារ)៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលសាងសង់អស់ថវិកាចំនួន ១៨៣,០១៩,៩០០រៀល ស្មើនឹង ៤៤,៦៣៩ដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២២។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ ដោយមានការចូលរួមពីពីថ្នាក់ដឹកនាំគណបក្សខេត្តព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ លោក មាស សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត តែងបានគិតគូរយកចិត្តទុកដាក់ជានិច្ច ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ទីកន្លែង។

លោក មាស សុភា បានលើកឡើងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺបានកើតឡើងដោយការប្តេជ្ញាចិត្តរបស់គណបក្សខេត្ត គណបក្សស្រុកជ័យសែន គណបក្សឃុំ ក៏ដូចជាក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្ត ក្រុមកាងារខេត្តចុះជួយស្រុក ឃុំ ក្រោមសិល្បះនៃការចែករំលែក ដែលជាប្រពៃណីដែលយើង មានតាំងពីយូរលង់មកហើយ ដោយមិនបានប្រើប្រាស់ថវិការបស់ជាតិនោះទេ។

លោក មាស សុភា បានបញ្ជាក់ទៀតថា ការកសាងស្នាក់ការគណបក្សបានស្អាតបឺបនេះ មានន័យថា «គណបក្សប្រជាជនកម្ពុជានៅដឹកនាំយូរងង្វែង» មិនទៅណាចោលប្រជាជនទេ ហើយមកដល់ពេលនេះ គណបក្សមួយចំនួន មិនទាន់មានស្នាក់ការធ្វើការត្រឹមត្រូវដូចគណបក្សយើងទេ ពោលគឺនៅធ្វើការតាមផ្ទះនៅឡើយ។

បន្ថែមពីនេះ លោកក៏បានថ្លែងការកោតសរសើរនូវស្មារតីទទួលខុសត្រូវ របស់គណបក្សស្រុក គណបក្សឃុំ ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុក ជួយឃុំ ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក ចុះជួយឃុំ ដែលបានរួមគ្នាធ្វើឱ្យសមិទ្ធផលនេះកើតឡើង។

ជាមួយនឹងអគារស្នាក់ការគណបក្សបានសាងសង់រួចយ៉ាងស្អាតបែបនេះ, លោក មាស សុភា ក៏សំណូមពរឱ្យមានអ្នកធ្វើការជាប្រចាំ និងត្រូវជួយថែរក្សាឱ្យបានស្អាត។ ជាមួយគ្នានេះ ត្រូវប្តេជ្ញាការពារសុខសន្តិភាព ប្រឆាំងអ្នកបង្កើតបដិវត្តពណ៌ ដែលមានបំណងបំផ្លាញសុខសន្តិភាព ដែលយើងខំដណ្តើមបានទាំងលំបាក ត្រូវបន្តគាំទ្រនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលកើតចេញពី គណបក្សប្រជាជន ត្រូវគាំទ្រនូវអភិក្រមទាំង៥ ដើម្បីធ្វើឱ្យគណបក្សកាន់តែរឹងមាំ គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធិភាពខ្ពស់ និងត្រៀមលក្ខណៈក្នុងការបោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

បើតាមរបាយការណ៍របស់លោក ម៉ប់ ធីរិត អនុប្រធានក្រុមការងារខេត្ត ចុះជួយស្រុកជ័យសែន និងជាប្រធានក្រុមការងារខេត្ត ចុះជួយឃុំតស៊ូ បានឱ្យដឹងថា អគារស្នាក់ការគណបក្សឃុំតស៊ូ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ គឺបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ និងបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយចំណាយថវិកាសរុប ១៨៣,០១៩,៩០០រៀល ស្មើនឹង៤៤,៦៣៩ដុល្លា។ អគារនេះមានទំហំ ៩ម៉ែត្រ គុណ១៣ម៉ែត្រ ស្មើ១៤៣ម៉ែត្រការ៉េ និងមានដំបូលបុកពីមុខទំហ៊ុ ២៦ម៉ែត្រការ៉េ។

ក្នុងនាមក្រុមការងារ និងក្នុងនាមសមាជិកគណបក្សប្រជាជនកម្ពុជា លោក ម៉ប់ ធីរិត បានអំពាវនាវដល់ប្រជាពលរដ្ឋ សមាជិក សមាជិក គណបក្សទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដែលមានរូបតេវតាបាចផ្កា។

លោកថា បោះឆ្នោតជូនគណបក្សប្រជាជនបានន័យថាយើងស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ៕