(ស្វាយរៀង)៖ មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំនិងសម្របសម្រួលវត្តអារាមទាំង២៤៦ ក្នុងខេត្តស្វាយរៀង រៀបចំពិធីបុណ្យពិសាខបូជា បានយ៉ាងឱឡារិក សាកសមជាព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើតាមលោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានឲ្យដឹងថា ដោយមានការណែនាំពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានចូលរួមសហការរៀបចំពិធីបុណ្យពិសាខបូជា ជាផ្លូវការនៅវត្តព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ក្រោមការដឹកនាំចាត់ចែង របស់ព្រះគ្រូ វិសុទ្ធិមុនី សៅ ភួន ព្រះចៅអធិការវត្តព្រៃតាអី ដោយមានការចូលរួមសហការពីរដ្ឋបាលស្រុកស្វាយទាប និងអាជ្ញាធរមូលដ្ឋានឃុំព្រៃតាអី ក្នុងនោះដែរមាន ការដង្ហែក្បួនវិសាខបូជា ដែលមានរថយន្តប្រមាណ២៥គ្រឿង និងព្រះសង្ឃ ពុទ្ធបរិស័ទប្រមាណចំនួន ៣៥០អង្គ-នាក់ បាននិមន្ត និងអញ្ជើញចូលរួមផងដែរ។

លោកបានបន្តថា ពិធីបុណ្យវិសាខបូជា ប្រារព្ធធ្វើឡើង គឺដើម្បីគោរព រំឭកនឹកគុណ ដល់សម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម ដែលព្រះអង្គទ្រង់ប្រសូត្រ បានត្រាស់ដឹង និងចូលបរិនិព្វាន នៅចំថ្ងៃខែដូចគ្នាពោលគឺថ្ងៃទ្រង់ប្រសូត្រ ថ្ងៃទ្រង់ត្រាស់ដឹង និងថ្ងៃទ្រង់ចូលបរិនិព្វាន គឺនៅចំថ្ងៃ ១៥កើត ខែពេញបូណ៌មី មានព្រះចន្ទ ពេញវង់ ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។

លោក ទីវ សុភា បានបញ្ជាក់ថា ការរៀបចំបុណ្យជាតិធំៗធ្វើទៅបានដោយសារប្រទេសយើងមានសន្តិភាព បើគ្មានសុខសន្តិភាពទេ គឺច្បាស់ជាមិនអាច មានពិធីបុណ្យ ដ៏ធំសម្បើមបែបនេះ កើតឡើងទៅបាននោះឡើយ៕