(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នាារសៀលថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២២ បានបន្តប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ជិត១,៥០០នាក់ នៅសង្កាត់កំពង់ចាម និងសង្កាត់សំបួរមាស។
បន្ទាប់ពីតំណាងសមាជិកថ្មី បានឡើងប្តេជ្ញាចិត្ត លោក អ៊ុន ចាន់ដា បានសំណេះសំណាលជាមួយសមាជិកថ្មី ប្រកបដោយមនោសញ្ចេតនារីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មី ដែលបានស្ម័គ្រចិត្តសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។
លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ការស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា របស់សមាជិកថ្មីនៅពេលនេះ ដោយសារការមើលឃើញមានតែសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសឱ្យមានសុខសន្តិភាព និងការរីកចម្រើន ដែលពុំមានគណបក្សណាអាចធ្វើបាន។
ប្រធានគណបក្សខេត្ត បានបន្តថា ទន្ទឹមនឹងការស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នាពេលនេះ សូមឱ្យសមាជិកថ្មី រក្សានូវគោលជំហរស្មោះត្រង់ជាមួយគណបក្ស កុំជឿពាក្យញុះញង់ពីគណបក្សផ្សេង ដោយរក្សាឱ្យបាននូវសាមគ្គីភាពល្អ ក្នុងនាមជាមហាគ្រួសារ នៃគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា ក៏បានផ្ដាំផ្ញើដល់សមាជិកគណបក្សទាំងអស់ សូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នាស្របតាមទិសស្លោក «សមាជិកគណបក្សម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្ស ១សន្លឹក»៕