(ភ្នំពេញ)៖ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព លោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

ក្នុងសារលិខិតនេះបានបញ្ជាក់ថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមសម្តែងនូវទុក្ខក្រៀមក្រំប្រកបដោយក្តីក្តុកក្តួលបំផុតដោយឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាអតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទទួល មរណភាពក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ ។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះការបាត់បង់ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលជា ឥស្សរជនដ៏សកម្មមួយរូប ធ្លាប់បានតស៊ូ និងធ្វើសកម្មភាពគ្រប់បែបយ៉ាងក្នុងការបម្រើដល់ប្រយោជន៍សង្គមជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។ គណបក្សសូមកត់ត្រាទុកនូវរាល់ស្នាដៃ វីរភាព និងឧត្តមគតិរបស់ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលបានបន្សល់ទុកសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ហើយសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តម បានទៅកាន់សុគតិភពកុំបីខានឡើយ៕