(កំពង់ធំ)៖ ដើម្បីចូលរួមពង្រឹងសមត្ថភាពដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំង៩ក្រុង ស្រុក នៅខេត្តកំពង់ធំ អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ (API) បានរៀបចំបើកវគ្គបណ្តុះបណ្តាល ការបង្វឹកបន្ថែមសមត្ថភាពដល់សហគមន៍ទៅលើជំនាញក្នុងការប្រាស្រ័យទាក់ទង និងការការចូលរួមជាមួយភាគីពាក់ព័ន្ធ ក្នុងខេត្តកំពង់ធំ។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានលោក អែម ប៉ូលី មន្រ្តីកម្មវិធីជាន់ខ្ពស់វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ និងមានអ្នកចូលរួម ប្រមាណ ៤៣នាក់ នៅភោជនីយដ្ឋានម្លប់ស្វាយធំ ខេត្តកំពង់ធំ។

លោក អែម ប៉ូលី បានលើកឡើងថា អង្កការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បាននឹងកំពុងអនុវត្តគម្រោងសម្លេង និងសកម្មភាពរបស់ប្រជាពលរដ្ឋ សម្រាប់ការ អភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា (២០១៣- ២០២២) ក្រោមជំនួយឧបត្ថម្ភគំទ្រថវិកា ពីព្រះវិហារជំនួយដេណឺម៉ាក (DCA) និងប្រេតដ៏ហ្វរ ដឹវើលយ៍ (BFDW) បានខិតខំប្រឹងប្រែងប្រកបដោយសម្រេចគោលបំណងរួមក្នុងការបំពេញសិទ្ធ និងលើកកម្ពស់សម្លេងរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យការ អភិវឌ្ឍប្រទេសកាន់ តែមាននិរន្តរភាព។

លោកបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះមានគោលបំណងសំខាន់ៗដូចជា ធ្វើឲ្យប្រសើរឡើងនូវការកសាងសមត្ថភាពដល់អង្គការសហគមន៍មូលដ្ឋាននូវជំនាញ សម្របសម្រួលជំនាញទំនាក់ទំនង ការគៀរគរសហគមន៍ ការធ្វើផែនការជំនាញចរចារ និងការបញ្ចុះបញ្ចូលក្នុងផែនការតស៊ូមតិ ក្នុងសហគមន៍ដើម្បីធ្វើឲ្យពួកគេកាន់តែ មានទំនុកចិត្ត, ដើម្បីតាមដាន ត្រួតពិនិត្យ និងធ្វើការឆ្លុះបញ្ចាំងពីការអនុវត្តការងារ និងផែនការអនុវត្តបន្ត, ចែករំលែកនូវព័ត៌មានបទពិសោធន៍ បញ្ហាជួបប្រទះ និងលទ្ធផល។

ជាមួយគ្នានោះលោក អែម ប៉ូលី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ពលរដ្ឋនៅក្នុងសហគមន៍ទាំងអស់ ដែលបានមកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះអាចកំណត់បាន និងវិភាគអំពីបញ្ហារបស់សហគមន៍ដូចជា អ្វីដែលជាចំនុចខ្សោយ និងចំណុចខ្លាំង ដែលជាមេរៀនសម្រាប់យកទៅអនុវត្តនៅសហគមន៍របស់ខ្លួន៕