(សៀមរាប)៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ គឺជាថ្ងៃបុណ្យវិសាខបូជា ជាថ្ងៃដែលពុទ្ធសាសនិកជនទូទាំងពិភពលោក កាន់ព្រះពុទ្ធសាសនា នាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់នេះផងដែរ។ នៅវត្តឥន្ទបត្តបុរីអង្គរខាងជើង និងវត្តឥន្ទបត្តបុរីអង្គរខាងត្បូង ក៏បានប្រារព្ធពិធីដង្ហែបុណ្យវិសាខបូជារួមគ្នា ក្នុងពេលតែមួយនៅមុខបរិវេណប្រាសាទអង្គរវត្ត។

ព្រះចរណសោភ័ណ បណ្ឌិត គង់ សុភាព ថិតប្បញ្ញោ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងជើង ស្ថិតក្នុងសង្កាត់នគរធំក្រុងសៀមរាប ខេត្តសៀមរាប រួមជាមួយវត្តមាន លោកស្រីមហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី និងក្រុមគ្រួសារព្រមទាំងញាតិធម៌ លោក គង់ ប៊ុនលី ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធា ធិបតីកិត្តិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្តេចសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោសែន និងលោកជំទាវ បានមូលមតិគ្នារៀបចំពិធីដង្ហែព្រះសារីរិកធាតុព្រះសម្មាសម្ពុទ្ធ និងព្រះអរហន្តធាតុ ជុំវិញប្រាសាទអង្គរតូច ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ដូនជីតាជី ប្រជាពុទ្ឋបរិស័ទស្រីប្រុសជិតឆ្ងាយ ប្រមាណជាជាង១ពាន់រូប ដើម្បីបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតមនៃយើង ដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន។

ព្រះចរណសោភ័ណ បណ្ឌិត គង់ សុភាព មានថេរដិកាថា ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទនៅទីអារាមនេះ ក៏ដូចជាទូទាំងខេត្តសៀមរាប បានផ្អាកការជួបជុំប្រារព្ធពិធីបុណ្យពិសាខបូជា និងពិធីសាសនានានា អស់រយៈពេល២ឆ្នាំមកហើយ ដោយសារវិបត្តិសាកលរបស់ពិភពលោក ពោលគឺជំងឺកូវីដ-១៩ តែដោយគោលនយោបាយនិងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ប្រទេសយើងគ្រប់គ្រងបានទាំងស្រុងនូវបញ្ហាកូវីដនេះ។

ការប្រារព្ធកម្មវិធីនានាឡើងវិញ ទើបគណៈកម្មវត្ត ព្រះសង្ឃ និងសាសនូបត្ថម្ភវត្ត បានសម្រេចឯកភាព រៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឡើងវិញ ដើម្បីជាប្រយោជន៍ដល់យុវជនកូនខ្មែរ និងប្រជាពុទ្ធបរិស័ទរបស់យើងបានយល់កាន់តែច្បាស់ អំពីសារសំខាន់នៃបុណ្យវិសាខបូជា។ ព្រះតេជគុណបន្តថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត។ បើតាមគម្ពីរព្រះត្រៃបិតក ព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន ក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នា គឺខុសតែឆ្នាំប៉ុណ្ណោះ។ ដូច្នេះបុណ្យវិសាខបូជា គឺតំណាងឲ្យ «ថ្ងៃទាំងបី»។

ព្រះតេជគុណ គង់ សុភាព បន្តទៀតថា ក្នុងឱកាសរំលឹកដល់ថ្ងៃដ៏មង្គលទាំងបីនេះ សូមពុទ្ធបរិស័ទទាំងអស់ គប្បីសង្រួមកាយវាចាចិត្ត ឲ្យស្អាតល្អបរិសុទ្ធ ផូរផង់ តម្កល់ចិត្តឲ្យជ្រះថ្លា ប្រកប ដោយបញ្ញាឈរលើការត្រិះរិះ ពិចារណាដ៏ត្រឹមត្រូវ ខិតខំដុសខាតសតិស្មារតីឲ្យបានល្អ នឹងនរ ខិតខំបំពេញអំពើជាកុសល ជម្រះចោលនូវអកុសលកម្មទាំងពួង ដើម្បីបន្តរួបរួមគ្នាជាធ្លង់មួយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីអភិវឌ្ឍសង្គមជាតិយើងឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ម៉្យាងទៀតវិស័យសាសនានៅកម្ពុជា ត្រូវរដ្ឋធម្មនុញ្ញ បានកំណត់ជាសាសនារបស់រដ្ឋ។

ក្នុងពិធីបុណ្យវិសាខបូជានេះ នៅគ្រប់ទីអារាមក្នុងខេត្តសៀមរាប បានប្រព្រឹត្តទៅដោយភាពអធិកអាធម ទៅតាមដងវិថី នានាក្នុងក្រុងសៀមរាប ក្នុងគោលដៅធ្វើការផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋខ្មែរ ឲ្យបានស្គាល់អំពីអត្ថន័យសារសំខាន់នៃបុណ្យវិសាខបូជា៕