(ព្រះវិហារ)៖ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ បានអញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន១៩៦នាក់បន្ថែមទៀត ជាមួយនឹងការអបអរសាទរពិធីសម្ពោដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការថ្មីគណបក្សប្រជាជនកម្ពុជា ដែលសាងសង់អស់ទឹកប្រាក់ជាង ៤ម៉ឺនដុល្លារ ស្ថិតនៅឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ។

ពិធីនេះក៏មានការចូលរួមពីលោក ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត លោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សខេត្ត ចុះជួយស្រុកសង្គមថ្មី ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះលោក មាស សុភា បានពាំនាំនូវផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត ដែលតែងបានគិតគូរយកចិត្តទុកដាក់ជានិច្ច ពីសុខទុក្ខនិងជីវភាពរស់នៅរបស់សមាជិក សមាជិកា គណបក្សក៏ដូចជាបងប្អូន ប្រជាពលរដ្ឋយើងគ្រប់ទីកន្លែ។

លោកក៏ថ្លែងស្វាគមន៍ចំពោះសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាទាំង១៩៦នាក់ នៅឃុំស្តៅ ដែលបានស្ម័គ្រចិត្តគាំទ្រនិងរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

លោក មាស សុភា បានលើកឡើងទៀតថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ គឺជាអគារទី៥ របស់គណបក្សប្រជាជនកម្ពុជានៅឃុំស្តៅ ស្រុកសង្គមថ្មី បានន័យថានៅទូទាំងស្រុកសង្គមថ្មីអគារស្នាក់ការគណបក្សនៅតាមឃុំទាំង៥ ត្រូវបានសាងសង់រួចរាល់ហើយ។

លោកថាអគារនេះ បានកើតឡើងដោយការប្តេជ្ញាចិត្តរបស់គណបក្សខេត្ត គណបក្សស្រុកសង្គមថ្មី គណបក្សឃុំស្តៅ ក៏ដូចជាក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ក្រុមកាងារខេត្តចុះជួយស្រុក ឃុំ ក្រោមសិល្បៈនៃការចែករំលែក ដែលជាប្រពៃណីដែលយើង មានតាំងពីយូរលង់មកហើយ។

លោក មាស សុភា ថ្លែងបញ្ជាក់បន្ថែមផងដែរថា៖ការកសាងស្នាក់ការគណបក្សប្រជាជនកម្ពុជា បានស្អាតបែបនេះ មានន័យថា «គណបក្សប្រជាជនកម្ពុជានៅដឹកនាំយូរងង្វែង» មិនទៅណាចោលប្រជាជនទេ ហើយមកដល់ពេលនេះគណបក្សមួយចំនួន មិនទាន់មានស្នាក់ការធ្វើការត្រឹមត្រូវ ដូចយើងទេ ពោលគឺនៅធ្វើការតាមផ្ទះនៅឡើយ និងបានត្រឹមលើកស្លាកគណបក្សនៅតាមដងផ្លូវខ្លះៗប៉ុណ្ណោះ។

លោក មាស សុភា ក៏ថ្លែងការកោតសរសើរនូវស្មារតីទទួលខុសត្រូវ របស់គណបក្សស្រុក គណបក្សឃុំ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ជួយឃុំ ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក ចុះជួយឃុំ ដែលបានរួមគ្នាធ្វើឱ្យសមិទ្ធផលនេះកើតឡើង ដោយមិនបានប្រើប្រាស់ថវិការបស់ជាតិនោះទេ។ ជាមួយនឹងអគារស្នាក់ការគណបក្សបានសាងសង់រួចយ៉ាងស្អាតបែបនេះ លោកក៏បានថ្លែង សំណូមពរឲ្យមានអ្នកធ្វើការជាប្រចាំ និងត្រូវជួយថែរក្សាឱ្យបានស្អាត។

ជាមួយគ្នានេះ លោក មាស សុភា ក៏បានថ្លែងអំពាវនាវឱ្យរួមគ្នាការពារសុខសន្តិភាព ប្រឆាំងអ្នកបង្កើតបដិវត្តពណ៌ ដែលមានបំណងបំផ្លាញសុខសន្តិភាព ដែលខំដណ្តើមបានទាំងលំបាក ត្រូវបន្តគាំទ្រនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជន ត្រូវគាំទ្រនូវអភិក្រមទាំង៥ ដើម្បីធ្វើឱ្យគណបក្សកាន់តែរឹងមាំ គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធិភាពខ្ពស់ និងត្រៀមលក្ខណៈការបោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

បើតាមរបាយការណ៍របស់លោក គង់ វិបុល អនុប្រធានក្រុមការងារគណបក្សខេត្ត ចុះជួយស្រុកសង្គមថ្មី និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំស្តៅ បានឱ្យដឹងថា អគារស្នាក់ការគណបក្សឃុំស្តៅ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ គឺបានចាប់ផ្តើមធ្វើពិធីក្រុងពាលីសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ អគារគណបក្សនេះមានទំហ៊ុ៩ម៉ែត្រ គុណ១០.៥ម៉ែត្រ ស្មើនឹង៩៤.៥ម៉ែត្រការ៉េ មានកម្ពស់៦.១ម៉ែត្រ សាងសង់អំពីថ្មប្រក់ក្បឿង ក្រាលការ៉ូ ដោយចំណាយថវិកាសរុបរួមនឹងបំពាក់បរិក្ខារផ្សេងៗ ចំនួន ១៧៤,៣៦០,០០០រៀល ស្មើនឹង ៤២,៥០០ដុល្លារ៕