(ភ្នំពេញ)៖ ស្ថានភាពភ្ញៀវទេសចរក្នុងរយៈពេល៤សប្តាហ៍ជាប់ៗគ្នាចុងក្រោយនេះ បានបង្ហាញឱ្យឃើញថា ចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៃប្រទេសកម្ពុជាកំពុងវិលត្រលប់ទៅរកស្ថានភាពដើមពេញលេញវិញ ដូចកាលពីមុនពេលផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩។ នេះបើតាមការវាយតម្លៃរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ យ៉ាងដូច្នេះថា «ចរន្តភ្ញៀវទេសចរជាង៣០ម៉ឺននាក់ក្នុងរយៈពេល៤សប្តាហ៍ជាប់គ្នានេះ បង្ហាញឲ្យឃើញថាចរន្តភ្ញៀវទេសចរផ្ទៃក្នុងបានវិលត្រលប់ពេញលេញទៅរកស្ថានភាពមុនពេលផ្ទុះកូវីដ-១៩ នៅឆ្នាំ២០១៩»។

គួរជម្រាបថា នៅសប្ដាហ៍ទី៣នៃខែមេសា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត៣៣ម៉ឺននាក់ សប្ដាហ៍ទី៤នៃខែមេសា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត៣១ម៉ឺននាក់ សប្ដាហ៍ទី១នៃខែឧសភា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត៣០ម៉ឺននាក់។

ដោយឡែក សម្រាប់សប្ដាហ៍ទី២នៃខែឧសភា ឆ្នាំ២០២២នេះ (ជាសប្ដាហ៍ទី៤ដែលភ្ញៀវទេសចរផ្ទៃក្នុងបន្តកើនឡើង) លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា មានភ្ញៀវទេសចរចេញដើរទស្សនាកម្សាន្ត៣៩០,៦០៩នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣៧២,៥៣៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៨,០៧២នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ១១០,៩៨៩នាក់
* រាជធានីភ្នំពេញ ៤០,២៩៨នាក់
* ខេត្តបាត់ដំបង ៣៦,១១០នាក់
* ខេត្តកែប ៣៥,៥០០នាក់
* ខេត្តកំពត ៣២,២៧៩នាក់
* ខេត្តសៀមរាប ៣២,០៥៧នាក់
* ខេត្តកំពង់ស្ពឺ ១៦,៦៨៨នាក់។

លោក ថោង ខុន បានបន្តថា នាចុងសប្តាហ៍នេះ គឺជាថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីបុណ្យវិសាខបូជា។

លោកថា តួលេខខាងលើមានការកើនឡើងប្រមាណ៣០.២៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ក្រៅពីគោលដៅទេសចរណ៍សំខាន់ៗ ប្រជាពលរដ្ឋជាច្រើនផ្សេងទៀតបានធ្វើដំណើរទៅប្រារព្វពិធីបុណ្យវិសាខបូជានៅតាមទីវត្តអារាមនាថ្ងៃអាទិត្យនេះ។ រដ្ឋបាលមូលដ្ឋាននៅថ្នាក់ខេត្ត និងស្រុកមួយចំនួនបានរៀបចំឲ្យមានជាក្បួនដង្ហែតាមលំនាំពុទ្ធសាសនានៃពិធីបុណ្យពិសាខបូជា។ ទន្ទឹមនឹងនេះ នៅខេត្តព្រះសីហនុក៏បានរៀបចំកម្មវិធីតាំងពិព័រណ៌ និងប្រកួតធ្វើម្ហូបអាហារ និងភេសជ្ជៈ ដែលបានទាក់ទាញអ្នកចូលរួមជាច្រើននាក់ផងដែរ។

ជាមួយតួលេខខាងលើ នេះជាសប្តាហ៍ទី៤ជាប់គ្នា ដែលចរន្តភ្ញៀវទេសចរហក់ឡើងដល់ជាង៣០ម៉ឺននាក់ បន្ទាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ខណៈដែលថ្ងៃអាទិត្យនេះជាថ្ងៃទី៨ជាប់គ្នា ដែលកម្ពុជាពុំមានអ្នកឆ្លងជំងឺកូវីដ-១៩។ គួររំឭកដែរថា កាលពីឱកាសបុណ្យចូលឆ្នាំ៣ថ្ងៃបូកទាំងថ្ងៃអាទិត្យ១ថ្ងៃទៀត កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជាង៥លាន១៧ម៉ឺននាក់៕