(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នឹងរៀបចំទិវាសុខភាពពេលមករដូវ (MHD 2022) រយៈពេល០៩ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «បញ្ឈប់ការរើសអើង» ជាមួយនឹងការចាប់ផ្តើមយុទ្ធនាការចែកសំឡីអនាម័យជាបន្ទះដល់ក្មេងស្រី និងស្ត្រីដែលត្រូវការសម្រាប់ថែ រក្សាសុខភាព និងបានចូលសាលារៀន។

សូមអញ្ជើញចូលរួមជាមួយអង្គការមូលនិធិថែទាំសុខភាពអេដស៍ (AHF) ក្នុងការជួយបង្កើតភាពប្រក្រតីថ្មីដោយធ្វើការ បញ្ឈប់ការរើសអើង លើការមករដូវរបស់ស្ត្រី ក្មេងស្រី និងអ្នកមករដូវផ្សេងៗទៀត។

បើតាមអង្គការ AHF ក្នុងចំណោមមនុស្សជាង ១.៨ពាន់លាននាក់នៅទូទាំងពិភពលោក ដែលមករដូវ ៥០០លាននាក់ មិនអាចទទួលបានទីកន្លែងសុវត្ថិភាព និងផលិតផល រក្សាអនាម័យ ដើម្បីគ្រប់គ្រងសុខភាពការមករដូវរបស់ពួកគេ។ កង្វះខាត និងតម្លៃទីផ្សាខ្ពស់ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ក៏បានធ្វើឱ្យការទិញផលិតផល អនាម័យកាន់តែលំបាកនៅទូទាំងពិភពលោក។ កង្វះខាតទាំងនេះបណ្តាលឱ្យមនុស្សដែលមករដូវមានការលំបាក រួមទាំងការខកខានមិនបានចូលរៀនរហូតដល់ ១៨ថ្ងៃ ក្នុងឆ្នាំសិក្សារបស់ពួកគេ ការធ្លាក់ទឹកចិត្តដោយសារតែការមាក់ងាយ និងការរើសអើង និងហានិភ័យកាន់តែច្រើន ក្នុងការធ្លាក់ខ្លួនជាជនរងគ្រោះនៃការជួញដូរផ្លូវភេទ។

ទិវាសុខភាពពេលមករដូវ ត្រូវបានទទួលស្គាល់ទូទាំងពិភពលោកនៅថ្ងៃទី២៨ ខែឧសភា ហើយត្រូវបានបង្កើតឡើងជាលើកដំបូងដោយអ្នកតស៊ូមតិនៅក្នុងឆ្នាំ២០១៤ ដើម្បីបង្ហាញពីសារៈសំខាន់នៃការអប់រំការគ្រប់គ្រងសុខភាពពេលមករដូវ ដែលផ្តល់សិទ្ធិអំណាចដល់មនុស្សទាំងអស់ដែលមករដូវ ដើម្បីចូលរួមយ៉ាងពេញ លេញនៅក្នុងសង្គម និងរស់នៅក្នុងជីវិតដែលមានសុខភាពល្អ និងសម្រេចចិត្តដោយខ្លួនឯង។

ក្រុមការងារ AHF តាមបណ្តាប្រទេសបានរៀបចំព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍ និងផ្តល់ព័ត៌មានសម្រាប់ឆ្នាំ២០២២។ អង្គការមូលនិធិថែទាំសុខភាពអេដស៍កម្ពុជា និងសហការជាមួយអង្គការខេមរា និងស្ថាប័នផ្សេងៗទៀត រៀបចំទិវានេះដូចជា៖

* លើបណ្តាញសង្គម ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ផ្សាយបន្តផ្ទាល់ និងសំណួរចម្លើយយករង្វាន់

* ថ្ងៃសុក្រទី២០ ខែឧសភា ឆ្នាំ២០២២ នៅវិទ្យាល័យហ៊ុន សែន ១មិថុនា ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ

* ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ ទីតាំងរោងចក្រ Ocean Apparel Manufacturing Co.,Ltd រាជធានីភ្នំពេញ

* ថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២ ទីតាំងវិទ្យាល័យហ៊ុន សែន ពងទឹក ខេត្តស្វាយរៀង៕