(កំពង់ចាម)៖ គ្រាដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងខិតជិតមកដល់មាន ចលនាចាកចេញរបស់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សមួយចំនួន បានសម្រេចផ្លាស់ប្តូរជំហរនយោបាយ ដើរចេញពីបក្សប្រឆាំង មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់។
ជាក់ស្តែងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ បេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សខ្មែរស្រឡាញ់ជាតិចំនួន៦រូប, គណបក្សសញ្ជាតិកម្ពុជា ចំនួន២រូប, គណបក្សភ្លើងទៀន ចំនួន១រូប និងគណបក្សខ្មែររួបរួមជាតិ ចំនួន៤រូប ព្រមទាំងថ្នាក់ដឹកនាំ និងសកម្មជន ចំនួន២៤នាក់ នៅឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ប្តូរជំហរនយោបាយមករួមរស់ជាមួយបក្សប្រជាជនកម្ពុជាវិញ ដែលជាគណបក្សដ៏ធំ និងចាស់ទុំជាងគេនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាបិតាសន្តិភាព និងការអភិវឌ្ឍ។
បេក្ខជនក្រុមប្រឹក្សាឃុំ និងសកម្មជនបក្សភ្លើងទៀន ដែលសម្រេចចុះចូលជាមួយបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផល ដែលនាំឱ្យពួកគេសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែរូបលោក បានមើលឃើញថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាគណបក្សបានប្រឹងប្រែងក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជាឱ្យរីកចម្រើន ហើយជួយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរជាក់ស្តែងគឺនៅឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាមមានផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព វត្តអារាម ច្រាំងទន្លេ។ បន្ថែមពីលើនោះ ពួកគាត់បានយល់ឃើញថាគណបក្សប្រឆាំងគ្មានការរីកចម្រើននិង គ្មានបានធ្វើអ្វីបន្តិចសោះដើម្បីប្រជាជន និងប្រទេសជាតិក្រៅពីការញុះញង់ ភូតកុហក បំផ្លៃការពិត។
លោកស្រី គឹម សេដ្ឋានី អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកងមាស និងលោកស្រី ស្រូយ សុជាតិ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម បានឆ្លៀតជួបសំណេះសំណាល និងស្វាគមន៍ចំពោះវត្តមានរបស់បេក្ខភាពក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំ និងសកម្មជនរបស់បក្សប្រឆាំងទាំងបួន។
ក្នុងនាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកងមាស ខេត្តកំពង់ចាម, លោកស្រីបានប្រកាសស្វាគមន៍ប្រកបដោយក្តីរីករាយចំពោះវត្តមានបេក្ខភាពក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំ និងសកម្មជនទាំងអស់បានសម្រេចផ្លាស់ប្តូរជំហរនយោបាយដើរចេញពីបក្សប្រឆាំង មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
បន្ថែមពីនេះ លោកស្រីបានចាត់ទុកការសម្រេចចិត្តរបស់បេក្ខជន ថ្នាក់ដឹកនាំ និងសកម្មជនទាំងអស់នេះ គឺជាការសម្រេចប្រកបដោយភាពត្រឹមត្រូវបំផុត ដើម្បីចូលរួមជាមួយមហាគ្រួសារគណបក្សប្រជាជនដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ជាពិសេសចូលរួមធ្វើសកម្មភាពឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕