(ព្រះវិហារ)៖ អង្គការ WCS បានសហការជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តព្រះវិហារ រដ្ឋបាលខេត្តព្រះវិហារ គម្រោងព្រៃឡង់បៃតង និងអង្គការអភិរក្សអន្តរជាតិ (CI) បានរៀបចំយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តព្រះវិហារ ដើម្បីលុបបំបាត់ការដាក់អន្ទាក់គ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិទាំងអស់ ទូទាំងប្រទេសកម្ពុជា។

យុទ្ធនាការអន្ទាក់សូន្យ ត្រូវបានចាប់ផ្តើមនៅខេត្តព្រះវិហារ ជាខេត្តទិសដៅទី២ បន្ទាប់ពីខេត្តស្ទឹងត្រែង ដែលប្រារព្ធឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិត្មាត ប៉ើយធឿនក្រសាំង ស្ថិតក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីរដ្ឋបាលខេត្ត ព្រះវិហារ អាជ្ញាធរស្រុក អង្គការដៃគូ និងបងប្អូនប្រជាសហគមន៍។

យុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ខែ ក្នុងខេត្ត៦ ភាគខាងកើតទន្លេមេគង្គរួមមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្តួចផ្តើមនិងដឹកនាំធ្វើដោយក្រសួងបរិស្ថាន និងអង្គការ ដៃគូដែលសហការក្នុងការងារអភិរក្ស។ យុទ្ធនាការដែលមន្ត្រី ជាន់ខ្ពស់ក្រសួងបរិស្ថានមានជំនឿថានឹងចូលរួមក្នុងការកែប្រែ ឥរិយាបថពលរដ្ឋមួយចំនួនដែលនិយមហូបសាច់សត្វ និងចូលរួមរកដំណោះ ស្រាយបញ្ចប់វិបត្តិអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា និងមិនត្រឹមតែផ្តល់ជម្រក កន្លែងរកចំណី និងប្រភពទឹកសម្រាប់សត្វព្រៃរស់នៅនោះទេ តែក៏ដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះក្នុងរស់នៅ។

នេះគឺជាយុទ្ធនាការទី៣ ក្នុងចំណោម«យុទ្ធនាការអន្ទាក់សូន្យ»ចំនួន៨ ដែលយុទ្ធនាការទី១ បានរៀបចំឡើងដោយក្រសួងបរិស្ថាននៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែមីនា កន្លងទៅ និងយុទ្ធនការទី២ រៀបចំឡើងខេត្តស្ទឹងត្រែង ដោយអង្គការ WWF សហការជាមួយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង អង្គការ CI អង្គការ WEA និងគម្រោងព្រៃឡង់បៃតងកាលពីដើមខែមេសាកន្លងទៅ។

យុទ្ធនាការអន្ទាក់សូន្យនេះអំពាវនាវឱ្យមានការដាក់ចេញនូវវិធានការបន្ទាន់នានាដើម្បីបង្កើនការពង្រឹងការអនុវត្តច្បាប់ និងពិនិត្យមើលបទបញ្ញត្តិពាក់ព័ន្ធក្នុងគោលបំណងទប់ស្កាត់ការ ការបរបាញ់សត្វព្រៃខុសច្បាប់ និងបញ្ចប់វិបត្តិអន្ទាក់ដែលកំពុងគំរាមកំហែងដល់ជីវិតសត្វព្រៃកម្ពុជាកាន់តែខ្លាំងឡើង។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «រាប់ចាប់ពីប្រជាពលរដ្ឋក្នុងភូមិ ដល់អ្នកផ្តល់សេវាដឹកជញ្ជូន អ្នកលក់ដូរម្ហូបអាហារនៅទីផ្សារក្នុងក្រុង និងទីប្រជុំជន រហូតដល់ម្ចាស់ភោជនីយដ្ឋាន និងអតិថិជន ការចូលរួមរបស់ប្រជាពលរដ្ឋសហគមន៍ គឺដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សុវត្ថិភាពដល់ការរស់រាននៃសត្វព្រៃគ្រប់ប្រភេទក្នុងទីជម្រកព្រៃធម្មជាតិរបស់ពួកវា និងក្នុងការចូលរួមបញ្ឈប់ការប្រើប្រាស់ និងការដាក់អន្ទាក់នៅក្នុងដែនជម្រកធម្មជាតិសម្រាប់សត្វព្រៃ»

ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ការទទួលទានសាច់សត្វព្រៃ ឬជាវផលិតផលសត្វព្រៃដទៃទៀតជាដាច់ខាត។

លោក នេត្រ ភក្ត្រា បានអំពាវនាវថា៖ «យើងខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជាឱ្យនិយាយថា ទេ ចំពោះសាច់សត្វព្រៃ និងចូលរួមក្នុងសកម្មភាពអភិរក្សធនធានធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស»

លោកបណ្ឌិត កែន សេរីរដ្ឋា នាយកអង្គការ WCS បានថ្លែងថា៖ «ការទប់ស្កាត់សកម្មភាពដាក់អន្ទាក់នៅក្នុងប្រទេសកម្ពុជា នឹងមិនអាចទទួលបានជោគជ័យទេ ប្រសិនបើគ្មានការចូលរួមពីសាធារណជន។ យុទ្ធនាការនេះគឺជាយន្តការមួយប្រកបដោយប្រសិទ្ធភាពសម្រាប់យើងទាំងអស់គ្នាក្នុងការផ្សព្វផ្សាយសារបន្ទាន់ទៅកាន់សាធារណជនដើម្បីបញ្ឈប់ការប្រើប្រាស់ផលិតផលសត្វព្រៃ ឱ្យបានទាន់ពេលវេលា»

លោកបណ្ឌិត សេរីរដ្ឋា បានបន្ថែមទៀតថា «អង្គការ WCS សូមទទូចស្នើសុំឱ្យអ្នកពាក់ព័ន្ធទាងអស់ចូលរួមអនុវត្តតាមការអំពាវនាវនេះ ទាំងអ្នកដែលបង្កើតឱ្យមានតម្រូវការប្រើប្រាស់ផលិតផលសត្វព្រៃ និងទាំងអ្នកជួញដូរសាច់សត្វព្រៃ។ សត្វព្រៃគឺជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ី។ ការចូលរួមរបស់លោកអ្នកថ្ងៃនេះ នឹងធានាដល់ការរស់រានរបស់សត្វព្រៃនាពេលអនាគត»

លោកបណ្ឌិត Jackson Frechette នាយកកម្មវិធីនៃមហាតំបន់មេគង្គនៃអង្គការ CI បានថ្លែងថា «ចំណុចសំខាន់ដែលនាំឱ្យយុទ្ធនាការនេះទទួលជោគជ័យ គឺគេត្រូវទទួលស្គាល់ថា ការទិញនិងបរិភោគសាច់សត្វព្រៃគឺជាបុព្វហេតុដែលនាំឱ្យមានទីផ្សារជួញដូរសត្វព្រៃ ដែលនាំឱ្យមានការបំផ្លិចបំផ្លាញព្រៃឈើ និងបង្កឱ្យឆ្លងជំងឺផ្សេងៗពីសត្វព្រៃ»

យុទ្ធនាការបន្តបន្ទាប់ទៀតនឹងរៀបចំធ្វើឡើងនៅខេត្តក្រចេះ មណ្ឌលគិរី កំពង់ធំ រតនគិរី និងបញ្ចប់នៅរាជធានទីភ្នំពេញ៕