(ព្រះវិហារ)៖ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងព្រះវិហារ នៃគណបក្សប្រជាជនកម្ពុជា (CPP) លោក សួន ខាំឡ បានថ្លែងប្រាប់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សទូទាំងក្រុងព្រះវិហារថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ គ្រប់បែបយ៉ាង ដល់ប្រទេសជាតិនិងប្រជាជនពិតប្រាកដ។

ថ្លែងក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាក្រុងព្រះវិហារចំនួន១៦០នាក់ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ លោក សួន ខាំឡ បានថ្លែងរំលឹកប្រាប់សមាជិក សមាជិកា គណបក្ស ពីការចាប់បដិសន្ធិនិងការតស៊ូរំដោះប្រទេសជាតិគ្រប់កាលៈទេសៈ របស់គណបក្សប្រជាជនកម្ពុជា ពិសេសការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ក៏ដូចជាការបញ្ចប់សង្រ្គាមទាំងស្រុងនៅក្នុងប្រទេស ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោក សួន ខាំឡ ក៏បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាថ្មីទាំង ១៦០នាក់ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះបង្ហាញឱ្យឃើញពីការគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ក៏ដូចជាគាំទ្រសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតទៅទៀត។

ជាមួយគ្នានេះដែរលោក សួន ខាំឡ ក៏បានថ្លែងសំណូមពរដល់សមាជិក សមាជិកាថ្មី ដែលបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានៅពេលនេះ ត្រូវគោរពនិងអនុវត្តតាមគោលនយោបាយ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងប្តេជ្ញាបន្តស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដែលជាចំណុចស្នូលនៃភាពខ្លាំង និងជោគជ័យរបស់គណបក្ស ត្រូវប្តេជ្ញាចូលរួមគ្រប់សកម្មភាពរបស់បក្សនិងប្តេជ្ញាគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ពិសេសត្រូវមានអត្តចរឹកស្លូតបូតសុភាពរាបសារ មានសុជីវធម៌ក្នុងការរស់នៅ និងត្រូវគោរពច្បាប់នានាដែលមានចែងជាធរមាន៕