(ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពលោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ ឯកឧត្ដម ឌុល គឿន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

លោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា បានទទួលមរណភាព នៅវេលាម៉ោង ៦៖១២នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។

សពរបស់លោក ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ៕