(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ថ្លែងលើកទឹកចិត្តដល់សមាជិក-សមាជិកាសមាគមរបស់ខ្លួនថា បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ ទោះបីសមាជិក-សមាជិកសមាគមមានលទ្ធភាពតិចក្ដីច្រើនក្ដី ឱ្យតែមានការសាមគ្គីគ្នា សហការគ្នាជិតស្និទ្ធ នោះលទ្ធភាពនៃការធ្វើអាជីវកម្មជោគជ័យនៅតែមាន។

ការថ្លែងលើកទឹកចិត្តនេះធ្វើឡើងក្នុងពិធីប្រគល់ពានរង្វាន់បុគ្គលដែលមានស្នាដៃឆ្នើមនៃសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន Grand Terrace ខណ្ឌទួលគោក។

លោក ឡី សុភាព បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលមកដល់អ្នកធ្វើអាជីវកម្មទីផ្សារបណ្ដាញ តាមរយៈការអនុម័តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិក និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ សម្រាប់គាំទ្រដល់ធុរកិច្ចទីផ្សារបណ្ដាញនៅកម្ពុជា លើកស្ទួយនិងការពារអ្នកប្រកបអាជីវកម្មស្របច្បាប់ ទប់ស្កាត់អ្នកធ្វើអាជីវកម្មល្មើសច្បាប់ជាដើម។

លោកប្រធានបានថ្លែងយ៉ាងដូច្នេះថា «បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ ទោះបីសមាជិក-សមាជិកសមាគមមានលទ្ធភាពតិចក្ដីច្រើនក្ដី ឱ្យតែមានការសាមគ្គីគ្នា សហការគ្នាជិតស្និទ្ធ នោះលទ្ធភាពនៃការធ្វើអាជីវកម្មជោគជ័យនៅតែមានឱកាសរីកចម្រើនតទៅមុខទៀត»

ជាមួយគ្នានោះ លោក ឡី សុភាព បានដាក់ទិសដៅនិងអំពាវនាវដល់ក្រុមហ៊ុនដែលធ្វើអាជីវកម្មផ្នែកទីផ្សារបណ្ដាញ ត្រូវតែគោរពច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើគ្មានការគោរពច្បាប់ ឬមានផលិតផលចរាចរណ៍ដោយមិនស្របច្បាប់ សមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជានឹងសហការជាមួយដែនដី កម្លាំងមានសមត្ថកិច្ចចុះបង្ក្រាបក្រុមហ៊ុនណាដែលល្មើសនឹងច្បាប់ទាំងនោះ ដោយលោកអះអាងថាប្រសិនបើមានក្រុមហ៊ុនល្មើសច្បាស់ទាំងនោះ អាចនឹងប៉ះពាល់ដល់ក្រុមហ៊ុនដែលប្រកបអាជីវកម្មស្របច្បាប់ត្រឹមត្រូវ ដូចជា ការប្រកួតប្រជែង តម្លៃខុសគ្នា និងអាចប៉ះពាល់ដល់សុខមាលភាពប្រជាជនផងដែរ។

លោកបានបន្តណែនាំដល់អ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញត្រូវតែយល់ដឹងស៉ីជម្រៅអំពីអាជីវកម្មដែលមានការទទួលស្គាល់ច្បាស់លាស់ ដើម្បីប្រកបការងារ-មុខរបរបានស្របច្បាប់ និងដើម្បីទាក់ទាញឱ្យប្រជាជនចូលរួមប្រកបមុខរបរជាមួយខ្លួនប្រកបដោយទំនុកចិត្ត និងស្មើមុខស្មើមាត់នៅគ្រប់មូលដ្ឋានទាំងអស់។

លោកប្រធាន ឡី សុភាព ក៏មិនភ្លេចអំពាវនាវដល់ក្រុមហ៊ុននីមួយៗត្រូវដាក់គោលនយោបាយលក់ចេញ-ទិញចូលឱ្យបានច្បាស់លាស់ ដើម្បីតាមដានពីវឌ្ឍនភាពការងារ មុខរបរ អាជីវកម្មរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ត្រូវមានគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ទាំងកិច្ចការអាជីវកម្ម និងជំនាញបច្ចេកទេសនីមួយៗ ពិសេសត្រូវឧស្សាហ៍ចូលរួមជួបជុំគ្នា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងសហការគ្នាធ្វើចលនាឱ្យប្រជាជនមានការគាំទ្រកាន់តែច្រើន និងកាន់តែរឹងមាំ។

លើសពីនេះ លោកបានដាស់តឿនឱ្យសមាជិក-សមាជិក និងក្រុមហ៊ុនត្រូវមានវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង។ លោកលើកឧទាហរណ៍មួយថា ប្រសិនបើមានបញ្ហា ឬកំហុសខុសឆ្គងណាមួយ សូមកុំមានការប្រកែកគ្នារកខុសរកត្រូវ, អ្នកទាំងអស់គ្នាត្រូវមើលទៅលើស្ថាប័ន ឬក្រុមហ៊ុនទាំងមូល កុំមើលតែបុគ្គលតែម្នាក់ៗដែលធ្វើខុសនោះទេ ព្រោះស្ថាប័នមួយរីកចម្រើនតែងកើតចេញពីការខិតខំ ការសាមគ្គី ឯកភាពផ្ទៃក្នុងនេះឯង។

ប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជារូបនេះ ក៏បានផ្ដល់ជាគន្លឹះមួយចំនួនដល់សមាជិក-សមាជិកា ក្រុមហ៊ុនដែលធ្វើអាជីវកម្មផ្នែកទីផ្សារបណ្ដាញអំពីការរៀបចំផែនការអាជីវកម្មឱ្យបានច្បាស់លាស់ ព្រមទាំងមធ្យោបាយល្អៗក្នុងការពង្រីក-ពង្រឹងអាជីវកម្មរបស់ខ្លួនផងដែរ៕