(ភ្នពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចេញមកបំភ្លឺជុំវិញករណីផ្សព្វផ្សាយ និងចែកចាយវីដេអូ ដែលជនជាប់ឃុំជាច្រើននាក់បានលេងទូរស័ព្ទ នៅក្នុងពន្ធនាគារ ខេត្តប៉ៃលិន ជាថ្នូរនឹងការបង់ប្រាក់ប្រចាំខែចាប់ពី៥០០ ដល់១០០០ដុល្លារ ដល់ប្រធានពន្ធនាគារ និងមន្ត្រីពន្ធនាគារ។

បើតាមរយៈលិខិតបំភ្លឺដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ជូនសាធារណជនថា ករណីនេះ ជារឿងចាស់តែប៉ុណ្ណោះ ចំពោះវីដេអូដែលបានចែកចាយលើបណ្តាញសង្គមថ្មីៗនេះ គឺមានជនខិលខូចមានចេតនាបង្ខូចកិត្តិយសដល់ប្រធានពន្ធនាគារដែលកំពុងតែទទួលតំណែងតែប៉ុណ្ណោះ។

ចំពោះករណីនេះ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រោយពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើឃ្លីបវីដេអូចំនួន៣ ដែលត្រូវបានបណ្តាញសង្គមមួយចំនួនយកមកបង្ហោះ និងចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក រយៈពេលថ្មីៗកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានចាត់វិធានការស្រាវជ្រាវភ្លាមៗ និងសូមធ្វើការបំភ្លឺជាសាធារណៈដូចខាងក្រោម៖

*វីដេអូទាំង៣ ពិតជាត្រូវបានថតចេញពីពន្ធនាគារខេត្តប៉ៃលិន ដោយក្រុមជនជាប់ឃុំ ប៉ុន្តែជាករណីចាស់ដែលអគ្គនាយកដ្ឋានពន្ធនាគារ បានចាត់វិធានការតាមវិន័យរដ្ឋបាលទៅលើមន្ត្រីពាក់ព័ន្ធ និងបានអនុវត្តវិន័យ ចំពោះជនជាប់ឃុំដែលពាក់ព័ន្ធរួចមកហើយស្របតាមបទបញ្ជាផ្ទៃក្នុងពន្ធនាគារដែលមានជាធរមាន

*ហេតុការណ៍បានកើតឡើងតាំងពីមុន លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ រ័ត្ន ទី មកទទួលភារកិច្ចជាប្រធានពន្ធនាគារខេត្តប៉ៃលិនម្ល៉េះ តែត្រូវបានជនខិលខូចឱកាសនិយមមួយក្រុមតូចយកមកបង្ហោះចែកចាយពេលនេះ ក្នុងគោលបំណងវាយប្រហារបង្អួចកិត្តិយសថ្នាក់ដឹកនាំក៏ដូចជាអង្គភាពពន្ធនាគារខេត្តប៉ៃលិន

ដើម្បីធានាបាននូវការអនុវត្តបទបញ្ជាផ្ទៃក្នុង នីតិវិធី និងច្បាប់ស្តីពីពន្ធនាគារឱ្យបានពេញលេញ សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងលុបបំបាត់បាតុភាពអសកម្មក្នុងជួរមន្ត្រី អគ្គនាយកដ្ឋានពន្ធនាគារនឹងបន្តតាមដានការវិវឌ្ឍ នៃសភាពការណ៍នៅពន្ធនាគារខេត្តប៉ៃលិន តាមរយៈការត្រួតពិនិត្យ វាយតម្លៃ និងចុះធ្វើអធិការកិច្ច ក៏ដូចជាជំរុញបន្ថែមនូវវិធានការចាំបាច់មួយចំនួនលើអ្នកពាក់ព័ន្ធ

សូមជម្រាបផងដែរថា បញ្ហានេះអគ្គនាយកដ្ឋានពន្ធនាគារ បានចាត់វិធានការដោះស្រាយរួចរាល់ហើយ និងបន្តតាមដានការវិវឌ្ឍនៃសភាពការណ៍ ហើយក៏សូមក្រើនរំលឹកដល់បុគ្គលមួយចំនួន ដែលកំពុងធ្វើសកម្មភាពបង្ហោះចែកចាយព័ត៌មានមិនពិតដែលបង្កឱ្យប៉ះពាល់ដល់កិត្តិយស ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់អង្គភាព ឬក៏បុគ្គលសាធារណៈ អាចប្រឈមចំពោះមុខច្បាប់ស្តីពីរបបសារព័ត៌មាន ក៏ដូចជាបទល្មើសព្រហ្មទណ្ឌ ការបរិហារកេរ្តិ៍ ឬការញុះញង់ឱ្យប្រព្រឹត្តិបទល្មើសជាអាទិ៍។ល៕

ខាងក្រោមនេះ ជាលិខិតបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ៖