(កំពង់ឆ្នាំង)៖ សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ បានចែកអំណោយដល់ប្រជាពលរដ្ឋជា៥០០នាក់នៅឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំ៥០០គ្រួសារនាឱកាសនោះ ក្នុងម្នាក់ៗទទួលបានអង្ក១០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ ម៉ាស់១ប្រអប់ មី១កេស ជែល១ដប និងថវិកា១ម៉ឺនរៀល។

សម្តេចចៅហ្វាវាំង គង់ សំអុល បានពាំនាំព្រះរាជបណ្តាំផ្ញើសាកសួរទុក្ខពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលព្រះអង្គតែងតែមានព្រះរាជហឫទ័យគិតគូរយកចិត្តទុកដាក់ចំពោះកូនចៅ ចៅទួត ប្រជាពលរដ្ឋរបស់ព្រះអង្គនៅគ្រប់ទីកន្លែង។

សម្តេចចៅហ្វាវាំងបានបញ្ជាក់ទៀតថា នាពេលខាងមុខនេះ ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិថ្មី ដែលប្រជាពលរដ្ឋមានអាយុគ្រប់បោះឆ្នោតអាយុចាប់ពី១៨ឆ្នាំ មានសិទ្ធិចូលរួមបោះឆ្នោតបាននៅតាមមូលដ្ឋានរបស់ខ្លួនដែលមានសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗត្រូវបំពេញ។ ដូចនេះប្រជាពលរដ្ឋទាំងអស់ដែលមានអាយុគ្រប់បោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដោយត្រៀមឯកសារមួយចំនួនដែលត្រូវយកទៅចូលរួមធ្វើការបោះឆ្នោត ដូចជា ប័ណ្ណព័ត៌មានបោះឆ្នោត និងអត្តសញ្ញាណបណ្ណ។ ប្រសិនបើប្រជាពលរដ្ឋណាមិនទាន់មានប័ណ្ណបោះឆ្នោត ត្រូវទាក់ទងមេភូមិ មេឃុំក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យពួកគាត់ជួយសម្របសម្រួលឱ្យបានទាន់ពេល ព្រោះថ្ងៃបោះឆ្នោតជិតមកដល់ហើយ គឺបោះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

សម្តេចចៅហ្វាវាំង គង់ សំអុល បានបន្តទៀតថា សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសបានគិតគូរពីប្រទេសជាតិ គិតគូរពីប្រជាជន ធ្វើយ៉ាងណាឲ្យប្រទេសរួចផុតពីភាពក្រីក្រ ប្រជាជនមានភាពសម្បូរសប្បាយរុងរឿង មានការរីកចម្រើន និងមានជីវភាពធូរធា រក្សាបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឱ្យខេត្តកំពង់ឆ្នាំងមានការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ និងធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវជីវភាពធូរធាសុខភាពរឹងមាំ ពិសេសពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទទួលបានវ៉ាក់សាំងដូសមូលដ្ឋានស្ទើរគ្រប់ក្រុមគ្រួសារ នេះក៏ដោយសារតែការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឲ្យចៀសផុតពីការឆ្លងរាលដាលជំងឺដ៏កាចសាហាវមួយនេះ ដោយមិនប្រកាន់និន្នាការនយោបាយ ឬជនបរទេសនោះឡើយ៕