(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបង្ហាញការកត់សម្គាល់ចំពោះដំណើរវិវត្តន៍ក្នុងសង្គមកម្ពុជា ដែលបានផ្សារភ្ជាប់នឹងការខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងគណបក្សប្រជាជនកម្ពុជា តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន និងកំពុងបន្តទៅរកអនាគត។

ក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាតាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សាជុំវិញរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា «ដំណើរវិវត្តន៍របស់សង្គមកម្ពុជាត្រូវបានឆ្លុះបញ្ចាំងជា៣ដំណាក់កាល គឺអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល»

លោកបានបញ្ជាក់លម្អិតមួយៗថា ចំពោះដំណើរវិវត្តន៍ពីអតីតកាលមកដល់បច្ចុប្បន្នកាល ត្រូវបានមើលឃើញតាមរយៈសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តចតេជោនាយករដ្ឋមន្រ្តី រួមជាមួយនឹងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាខិតខំរួមគ្នាសម្រេចបាន ជាអាទិ៍ ការរំដោះប្រជាពលជនឱ្យរួចផុតពីការកាប់សម្លាប់របស់របបប៉ុលពត និងការស្រោចស្រង់ប្រទេសជាតិពីការបំផ្លិចបំផ្លាញ, ការបញ្ចប់សង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ និងការបង្រួបបង្រួមទឹកដីក្រោមធ្លុងឯកភាពជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ, ការពង្រឹងឯករាជ្យ និងអធិបតេយ្យជាតិ ដោយបង្កើនភាពម្ចាស់ការលើគ្រប់វិស័យ រួមផ្សំនឹងការពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្រប់បណ្តាប្រទេសជាមិត្ត, ការលើកម្ពស់នូវកិត្តិយស កិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិ ដោយបានបោះជំហានដ៏វែងឆ្ងាយចេញពីជាប្រទេសញាំញីដោយសារសង្រ្គាម និងការរត់ភៀសខ្លួន ក្លាយទៅជាប្រទេសដែលផ្គត់ផ្គង់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាតិ, និងជាគោលដៅទេសចរណ៍ប្រកបដោយស្នាមញញឹម។

លោកបានបន្តថា ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ក៏បាននាំមកនូវមោទនភាពជាតិ តាមរយៈភាពជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងនាមសម្តេចជាប្រធានអាស៊ានឆ្នាំ២០២២ និងជានាយករដ្ឋមន្ត្រីកម្ពុជា និងជាពិសេសគឺការផ្តល់ដល់ប្រជាជនកម្ពុជានូវការអភិវឌ្ឍលើគ្រប់វិស័យ ដោយបានបើកឱកាសបង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានកម្រិតជីវភាពល្អប្រសើរទ្បើងជាលំដាប់។

លោកបានបន្តទៀតថា ចំពោះដំណើរវិវត្តន៍ទៅកាន់អនាគតកាល គឺសំដៅដល់បុព្វហេតុឥតងាករេរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើជាតិ និងប្រជាជាជន បន្តអភិវឌ្ឍរីកចម្រើនជឿនលឿនទៅមុខ នៅក្រោមការដឹកនាំដ៏មាន ទេពកោសល្យប៉ិនប្រសប់ និងពោរពេញបទពិសោធន៍ពិតជាក់ស្តែងរបស់សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្ស ព្រមជាមួយនឹងការចូលរួមរបស់សមាជិក សមាជិកា និងប្រជាពលរដ្ឋទូទៅគ្រប់ស្រទាប់វណ្ណៈ។

លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «គណបក្សប្រជាជនកម្ពុជាជានិមិត្តរូបបញ្ជាក់អំពីគុណភាពនៃការដឹកនាំ ដែលស្តែងចេញតាមរយៈការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមជាមួយនឹងសមត្ថភាពគ្រប់គ្រាន់ និងការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ក្នុងការបន្តនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព សុភមង្គល និងវឌ្ឍនភាពជានិរន្តរ៍»។

គួរជម្រាបថា ពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាតាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សាជុំវិញរាជធានីភ្នំពេញខាងលើនេះ គឺជាឱកាសនៃការជួបជុំប្រកបដោយអត្ថន័យ និងក្តីសប្បាយរីករាយស្និទ្ធស្នាលជាមួយលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំចំណុះមន្ទីអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ សរុបប្រមាណជាង៣,០០០នាក់ ដែលជាអ្នកមានគុណចូលរួមចំណែកក្នុងការកសាងសមិទ្ធផលមូលធនមនុស្សនៅកម្ពុជាឱ្យមានការកើនឡើងជាលំដាប់ទាំងបរិមាណ និងគុណភាព បម្រើឱ្យសេចក្តីត្រូវការក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ៕