(ឧត្តរមានជ័យ)៖ ក្នុងបេសកកម្មថ្ងៃទី១ នៅលើទឹកដីខេត្តឧត្តរមានជ័យ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ ជូនដល់ចាស់ឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន និងកុមារកំព្រាចំនួន ៣២១គ្រួសារ រស់នៅតំបន់ព្រំដែនដាច់ស្រយាលក្នុងភូមិចំនួន៦១ ឃុំចំនួន១៣ នៃស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ, ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌នេះ បានរៀបចំនៅទីតាំងចំនួន ៥កន្លែងផ្សេងៗគ្នា និងចុះផ្ទាល់ដល់ផ្ទះចាស់ឥតទីពឹង ដែលមិនអាចធ្វេីដំណេីរបានមួយចំនួនទៀតផង។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ពាំនាំនូវព្រះរាជបណ្តាំរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ និងនឹករលឹកជាទីបំផុត ជូនដល់បងប្អូនប្រជារាស្ត្រទាំងអស់ដែលរស់នៅតាមតំបន់ព្រំដែនដាច់ស្រយ៉ាលនេះ។

លោកស្រីបានថ្លែងថា «ថ្វីបើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានធុរៈនិងកិច្ចការងារជាច្រើនដែលមិនអាចអញ្ជើញមកជួបលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ក៏ដោយ ក៏សម្តេចតែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទចុះ​ពិនិត្យស្ថានភាពជាក់ស្តែងពីជីវភាពរស់នៅរ​បស់​ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយសម្រាលការលំបាកជូនដល់អ្នកដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ ឱ្យបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលឡើយ»

ជាមួយគ្នានោះ លោកស្រីបានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានអញ្ជេីញមកជួបបងប្អូនប្រជាពលរដ្ឋជាថ្មីម្តងទៀត ព្រោះថាតំបន់នេះជាតំបន់មួយដែលធ្លាប់ឆ្លងកាត់សង្រ្គាមកាលពីអតីតកាល គ្មានសន្តិសុខសុវត្ថិភាព និងគ្មានទាំងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែពេលនេះមានសុខសុវត្ថិភាព មានទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ស្អាតល្អ ថែមទាំងមានទេសភាពយ៉ាងស្រស់បំព្រង អមនៅតាមសង្ខាងផ្លូវគួរអោយចង់ទស្សនាទៀតផង។
ទន្ទឹមនឹងនេះ លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើងដើម្បីការអភិវឌ្ឍបន្តទៅមុខទៀតផងដែរ។

លោកស្រីអគ្គលេខាធិការរងទី១ បានថ្លែងដោយមោទនភាពចំពោះលោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមចាក់វ៉ាក់សាំងគ្រប់ដូសមូលដ្ឋាន និងដូសជំរុញ ទី៣ និងទី៤ រួមជាមួយការអនុវត្តវិធានការការពារ និងការរក្សាអនាម័យ ដែលនេះគឺជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ហេីយបេីកឱកាសក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការរងទី១ បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទាន ព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាននានា ដែលបានបរិច្ចាគថវិកាដោយសទ្ធាជ្រះថ្លា ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកាកបាទក្រហមកម្ពុជា អាចបន្តសកម្មភាពមនុស្សធម៌ទៀតបាន។

បន្ថែមពីនេះ លោកស្រីក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងសូមប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យកើនឡើងកំដៅខ្លាំង ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង ហើយការប្រែប្រួលអាកាសធាតុនេះក៏បង្កឡើងជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើមផងដែរ។

ជាមួយគ្នានេះ បានអំពាវដល់ស្ត្រីជាមាតា ស្ត្រីមានផ្ទៃពោះទាំងអស់ អញ្ជេីញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ យ៉ាងតិចឱ្យបាន៤ដង ដេីម្បីដឹងពីស្ថានភាពសុខភាពទាំងម្តាយនិងទារក និងទប់ស្កាត់ការចម្លងជំងឺនានាពីម្តាយទៅទារកផងដែរ។

ក្នុងឱកាសនោះផងដែរ ប្រជាពលរដ្ឋបានបង្ហាញនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ យកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងងាយរងគ្រោះបំផុត ដោយមិនរំលងនោះឡើយ៕