(ពេជ្រចិន្តា)៖ កាលពីព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាល័យពេជ្រចិន្តាបានសហការរៀបចំពិធីប្រគល់វិញ្ញាបនបត្រភាសាចិនកម្រិតមូលដ្ឋានជំនាន់ទី១ ចំនួន១០៦នាក់ និងបានបើកវគ្គសិក្សាថ្មីជំនាន់ទី២ ក្រោមអធិបតីភាពលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជាសហប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបងនៅវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក សុង សុភ័ក្រ្ត អភិបាលនៃ គណៈអភិបាលស្រុកភ្នំព្រឹក ថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិបាត់ដំបង ថា្នក់ដឹកនាំវិទ្យាល័យពេជ្រចិន្តា តំណាងសហគមន៍អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនផងដែរ។ ថ្នាក់រៀនភាសាចិននៅវិទ្យាល័យពេជ្រចិន្តាបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២២។

លោក ពេជ្រ ឈឿត នាយកវិទ្យាល័យពេជ្រចិន្តាបានមានប្រសាសន៍ថា៖ «ក្នុងនាមជាវិទ្យាល័យដែលធ្លាប់ជាប់ជ័យលាភី ជាអង្គភាព ផ្ដល់ សេវា សាធារណៈ គំរូ ក្នុង វិស័យ អប់រំនៅទូទាំង ប្រទេស ខ្ញុំមានមោទនភាព និងសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានសហការផ្តល់ការបណ្តុះបណ្តាលភាសាចិនដល់សិស្សានុសិស្សដែលមានបំណងសិក្សាភាសានេះនៅតំបន់ព្រំដែនដាច់ស្រយ៉ាល»។

លោកមានសុទិដ្ឋិនិយមថា ការរៀនបន្ថែមភាសាចិននេះនឹងជួយផ្តល់ឱកាសឱ្យប្អូនៗមានចំណេះដឹងភាសាចិនជ្រៅជ្រះដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងស្វែងរកអាជីពការងារប្រសើរនាពេលអនាគត។ លោកក៏បានកត់សម្គាល់ថា ទាំងសិស្សានុសិស្ស និងអាណាព្យាបាលបានចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងក្នុងការបណ្តុះបណ្តាលភាសាចិននេះ។

លោកសាស្រ្តចារ្យបណ្ឌិត Yi Yongzhong សហនាយកវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង​ ភាគីចិនបានកោតសរសើរដល់​សិស្សានុសិស្សវិទ្យាល័យពេជ្រចិន្តា ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មានទំនុកចិត្តខ្ពស់ មានសិលធម៌ល្អ និងមានចំណាប់អារម្មណ៍ខ្លាំងក្នុងការសិក្សាភាសាចិន។

លោកបានគូសបញ្ជាក់ថា ថ្នាក់រៀនភាសាចិននៃវិទ្យាល័យពេជ្រចិន្តានឹងមានឋានៈជា «ថ្នាក់រៀនខុងជឺ» សកលមួយនៅក្នុងរយៈដ៏ខ្លីខាងមុននេះ។ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងនឹងឧបត្ថម្ភគាំទ្រពេញទំហឹងលើ គ្រូបង្រៀន និងសម្ភារៈឧបទ្ទេសរៀន និងបង្រៀនផងដែរ។ បច្ចុប្បន្នវិទ្យាស្ថានមានគ្រូបង្រៀនជនជាតិចិនសរុបចំនួន១៥រូប ក្នុងនោះមានឋានៈជាសាស្ត្រាចារ្យចំនួន៣រូប (មានសញ្ញាបត្របណ្ឌិតចំនួន១រូប និងមានសញ្ញាបត្រអនុបណ្ឌិតចំនួន ១៣ រូប) ដែលមានជំនាញឯកទេសក្នុងការបង្រៀនភាសាចិនជាភាសាបទេសយ៉ាងស្ទាត់ជំនាញ។

លោក សុង សុភ័ក្រ្ត អភិបាលនៃគណៈអភិបាលស្រុកភ្នំព្រឹកបានមានចំណាប់អារម្មណ៍ថាក្នុងនាមរដ្ឋបាលស្រុកភ្នំព្រឹក​លោកមានអំណរសប្បាយដោយទទួល​បានព័ត៌មានថាសាកលវិទ្យាល័យជាតិបាត់ដំបងបានសហការជាមួយវិទ្យាល័យពេជ្រចិន្តាបើកបង្រៀនភាសាចិនកម្រិតមូលដ្ឋានដល់សិស្សានុសិស្សក៏ដូចជាកូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោក។ លោកមានជំនឿថា ការសិក្សាភាសាចិននឹងមានផលប្រយោជន៍នាពេលបច្ចុប្បន្ន និងទៅពេលអនាគតក្នុងការរួមចំណែកការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅតាមតំបន់ព្រំដែនដាច់ស្រយ៉ាលនេះ។

លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានមានប្រសាសន៍ថា តាងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាស្ថាបនិកសាកលវិទ្យាល័យជាតិបាត់ដំបង លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងនៃសាកលវិទ្យាល័យជាតិបាត់ដំបង សូមចូលរួមអបអរសាទដល់ក្មួយៗជ័យលាភីទាំង១០៦ នាក់ដែលបានខិតខំរៀនសូត្រ និងបានបញ្ចប់ការសិក្សាភាសាចិនជំនាន់ទី១នេះប្រកបដោយភាពជោគជ័យ។

លោកក៏បានជំរុញលើកទឹកចិត្តដល់ក្មួយសិស្សានុសិស្សជ័យលាភីទាំងអស់បន្តខិតខំរៀនសូត្រភាសាចិនបន្ថែមទៀត និងបានផ្តាំផ្ញើដល់អាណាព្យាបាលទាំងអស់ មេត្តាបន្តជួយគាំទ្រ និងជំរុញលើកទឹកចិត្តក្មួយៗក្នុងការជ្រើសរើសររៀនភាសាចិនដើម្បីផ្តល់ឱកាសឱ្យក្មួយៗអាចបន្តការសិក្សាតាមរយៈអាហារូបករណ៍នៅក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងអាចស្វែងរកការងារល្អៗបាននាពេលអនាគត។

លោកក៏បានថ្លែង អំណរគុណដល់ សហនាយកវិទ្យាស្ថានខុងជឺ លោកនាយកវិទ្យាល័យពេជ្រចិន្តា និងសហការី ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបើកថ្នាក់រៀនភាសាចិននេះ រហូតទទួលបានលទ្ធផលជាផ្លែផ្កានៅថ្ងៃនេះ។

គួររលឹកដែរថា សាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាល័យពេជ្រចិន្តាបានចុះអនុស្សរណៈយោគយល់រវាងគ្នាក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលភាសាចិនក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ជាពិសេសការផ្តល់ជំនាញបំណិនជីវិតដល់សិស្សានុសិស្ស ក្នុងគម្រោងភាពជាដៃគូស្ទេម និងគម្រោងកែលម្អការអប់រំឧត្តមសិក្សាដែលផ្តល់មូលនិធិដោយធនាគារពិភពលោក៕