(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយផ្ដោតសំខាន់លើរបៀបវារៈចំនួន៤ ដើម្បីបន្តលើកយកមកពិភាក្សា ក្នុងការបន្តអនុវត្តតាមផែនការ។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោកនេះ ក៏មានការចូលរួមផងដែរ ពីលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ គណៈអធិការនគរបាលខណ្ឌ បញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ អស់លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យជុំនាញទាំង១១ ចៅសង្កាត់ ចៅសង្កាត់រង នាយនគរបាលប៉ុស្ដិ៍ ប្រធានសណ្ដាប់ធ្នាប់ និងអស់លោក-លោកស្រីមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលាខណ្ឌ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

លោក ជា ពិសី នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនេះដែរ បានផ្ដោតសំខាន់លើរបៀបវារៈចំនួន៤ ដើម្បីបន្តលើកយកមកពិភាក្សា ក្នុងការបន្តអនុវត្តតាមផែនការ រួមមាន៖
១-ផ្សព្វផ្សាយស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។
២-បង្កើតទីបញ្ជាការស្រាល។
៣-ផែនការការពារយុទ្ធនាការឃោសនាបោះឆ្នោត។
៤-បន្តអនុវត្តពង្រឹងគោលនបោយបាយភូមិ-សង្កាត់មានសុវត្ថិភាព៕