(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានលើកឡើងថា ប្រជាពលរដ្ឋនៅតែបន្តជឿជាក់លើការដឹកនាំ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាការសម្រេចដ៏ត្រឹមត្រូវ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយសុខសន្តិភាព និងរក្សានូវស្ថេរភាពនយោបាយ។

ការលើកឡើងបែបនេះបានធ្វើឡើងនៅពេលដែលលោក អញ្ជើញសំណេះសំណាល និងបញ្ចូលសមាជិកថ្មីជាង៣៥០នាក់ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

លោក ងួន រតនៈ បានថ្លែងថា ជាការពិតបងប្អូនប្រជាពលរដ្ឋទាំងអស់ គឺជាអ្នកស្រលាញ់សន្តិភាព និងការអភិវឌ្ឍន៍ ហើយសម្រេចចិត្តចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ជាកិច្ចការមួយដ៏ត្រឹមត្រូវបំផុត ព្រោះគណបក្សប្រជាជន មានចក្ខុវិស័យ និងគោលនយោបាយដឹកនាំយូរអង្វែង ការចូលរួមនេះ ជាចំណែកមួយជាមួយ រាជរដ្ឋាភិបាលក្នុងដឹកនាំប្រទេសជាតិទាំងអស់គ្នាប្រកបដោយការអភិវឌ្ឍន៍ជានិរន្ត។

លើសពីនេះ លោកបានបន្តថា ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិ ជ្រើសរើសជីវភាពនយោបាយ ទៅតាមការពេញចិត្តការ ជ្រើសរើសគណបក្សនយោបាយដ៏ត្រឹមត្រូវមានន័យថាយើងទាំងអស់គ្នាបាន និងកំពុងស្រលាញ់លទ្ធិ ប្រជាធិបតេយ្យពិតប្រាកដ និងមានតែការបោះឆ្នោតមួយគត់ដែលធ្វើឲ្យប្រជាពលរដ្ឋ មានសិទ្ធិជ្រើសរើតំណាងដឹកនាំដែលខ្លួនពេញចិត្ត។ លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះឲ្យបានគ្រប់គ្នា។

សមាជិកគណបក្សដែលទើបចូលថ្មី បានលើកឡើងថា ពួកគេស្ម័គ្រចិត្តរួមជីភាពជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ គឺដោយសារបានឃើញយ៉ាងច្បាស់នូវគោលនយោបាយក្នុងការដឹកនាំប្រទេស និងគុណបំណាច់ដ៏មហា ធំធេងរបស់សម្តេច តេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាបានសង្គ្រោះជាតិឲ្យរស់ឡើងវិញ រួចផុតពីរបប ប្រល័យពូជសាសន៍ នៅថ្ងៃទី ៧មករា ឆ្នាំ ១៩៧៩ និងបានទប់ស្កាត់មិនឲ្យរបបដ៏យង់ឃ្នងនេះ វិលត្រឡប់មកវិញ បានដណ្តើមមកជូនប្រជាជនវិញ នូវសិទ្ធិសេរីភាពគ្រប់យ៉ាង សេចក្ដីថ្លៃថ្នូរ និងលិទ្ធិប្រជាធិបតេយ្យបានការពារ យ៉ាងគត់មត់នូវសមិទ្ធផលរបស់ជាតិ ធ្វើជាកម្លាំងស្នូល ក្នុងការដោះស្រាយស្ថិរភាព នៃរាជបល្ល័ង្ក និងរក្សាបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមបានរឹងមាំ ធ្វើឲ្យប្រជាជនបានរស់នៅយ៉ាងនៅយ៉ាងសុខសាន្ត, បានកសាងសមិទ្ធ ផលលើគ្រប់វិស័យ មានផ្លូវ ស្ពាន ទំនប់ប្រឡាយ មណ្ឌលអភិវឌ្ឍន៍ សាលារៀន មន្ទីរ ពេទ្យ វត្តអារាម ជាដើម។

សូមបញ្ជាក់ថា សមាជិកគណបក្សថ្មីដែលចូលមករួមរស់ជីវភាពសរុបចំនួន ៣៥១នាក់ រួមមាន៖ មកពីសង្កាត់កំពង់ធំចំនួន ២៧៣នាក់, សង្កាត់ស្រយ៉ូវចំនួន ៣៧នាក់, សង្កាត់ដំរីជាន់ខ្លាចំនួន៨នាក់, សង្កាត់កំពង់រទេះ ចំនួន ៥នាក់, សង្កាត់អូរ កន្ធរចំនួន ៣នាក់, សង្កាត់កំពង់ក្របៅចំនួន ១០នាក់, សង្កាត់ព្រៃតាហ៊ូចំនួន១០នាក់ និងសង្កាត់អាចារ្យលាក់ ចំនួន៥នាក់៕