(ភ្នំពេញ)៖ សមាគមសប្បុរសធម៌អាល់មុមីនីនកម្ពុជា បាននាំយកអំណោយជាថវិកាដែលទទួលបានពីសប្បុរសជនដែលជាជនមូស្លីមនៅក្រៅប្រទេស ផ្តល់ជូនគ្រួសារត្រូវភ្លើងឆេះផ្ទះចំនួន៣៨គ្រួសារនៅសង្កាត់ច្រាំងចំរេះ ដើម្បីជួយសម្រួលទុក្ខលំបាករបស់ពួកគាត់។ កម្មវិធីប្រគល់នេះធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងស៊ូរ៉ាវ ក្នុងភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងការនាំយកថវិកាទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីលោកស្រី ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ច្រាំងចំរេះទី១, លោក រូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់, លោក-លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមការងារចុះជួយសង្កាត់ច្រាំងចំរេះទី១ រួមទាំងលោក មីន ម៉ាត់សុក្រី ប្រធានសមាគមសប្បុរសធម៌អាល់មុមីនីនកម្ពុជា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំង៣៨គ្រួសារផងដែរ។

នាក្នុងឱកាសនោះ លោក មីន ម៉ាត់សុក្រី ប្រធានសមាគមសប្បុរសធម៌អាល់មុមីនីនកម្ពុជា បានថ្លែងឲ្យដឹងថា ថវិកាដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង៣៨គ្រួសារនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន ៤សែន៥ម៉ឺនរៀល ដែលសរុបថវិកាចំនួន ២១លាន ១សែនរៀល ទទួលបានពីសប្បុរសជនមូស្លីមនៅប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌនេស៊ី អាមេរិក និងកាណាដា ផ្តល់មកតាមរយៈសមាគមសប្បុរសធម៌អាល់មុមីនីនកម្ពុជា។

ស្ថិតក្នុងឱកាសនេះលោក រូហ្វី អូស្មាន បានសំណេះសំណាល និងសម្តែងការចូលរួមសោកស្តាយចំពោះការបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋដោយសារហេតុការណ៍អគ្គិភ័យនេះ។ លោកក៏បានលើក ទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ កុំមានការបាក់ទឹកចិត្ត និងត្រូវខិតខំប្រឹងប្រែងឡើងវិញ ដើម្បីទទួលបានរីស្គីពីអល់ឡោះជាម្ចាស់។

លោកបានថ្លែងអំណរគុណដល់លោក មីន ម៉ាត់សុក្រី ប្រធានសមាគមសប្បុរសធម៌អាល់មុមីនីនកម្ពុជា ដែលខិតខំកៀរគរសប្បុរសជននៅក្រៅប្រទេសឲ្យជួយដល់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាដែលមានកំពុងជួបប្រទះការលំបាក និងលើកទឹកចិត្តដល់សប្បុរសជនក្នុងស្រុក និងក្រៅប្រទេសឲ្យបន្តជួយដល់ពួកគាត់ជាបន្តបន្ទាប់។

ទន្ទឹមនេះដែរ លោក រេះ ម៉ីត មេភូមិនៃភូមិ២ សង្កាត់ច្រាំងចំរេះ តំណាងប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ បានថ្លែងអំណរគុណដល់សប្បុរសជននៅក្រៅប្រទេស ពិសេសសមាគមសប្បុរសធម៌អាល់មុមីនីនកម្ពុជា ដែលបានពាំនាំជំនួយជាថវិកាជួយដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះ។

សូមជម្រាបថា កាលពីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន ១៨ខ្នង ដែលស្មើនឹងចំនួន ៣៨គ្រួសារ ស្ថិតនៅភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕