(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានសហការជាមួយនគរបាលខណ្ឌមានជ័យ នគរបាលខណ្ឌចំការមន និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ មុខសញ្ញាប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ នៅចំណុចផ្ទះបិទស្កុតម៉ូតូ ផ្លូវ៣០ម៉ែត ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី ខែ១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៩:៣០នាទី។

បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានមានឈ្មោះ លី បូរិទ្ធ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៣៧MC ក្រុមទី៤ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

*លើកទី១៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០០:៤៥នាទី នៅចំណុចមុខផ្ទះលេខ៣៥B ផ្លូវ៤១៨ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ប្លន់ម៉ូតូម៉ាកស្កូបពី ពណ៌ស សេរី២០២២ មិនបានសម្រេចដោយបាញ់ជនរងគ្រោះចំនួនពីរគ្រាប់ តែមិនត្រូវ។

*លើកទី២៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២២:១០នាទី នៅចំណុចមុខផ្ទះលេខ២០B ផ្លូវ២៨៨ ក្រុម៤២ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ភ្ជង់យកម៉ូតូម៉ាក់ សេ១២៥ ពណ៌ខ្មៅ សេរី២០១៦ ផ្លាកលេខ១DH៤៥០២ នឹងធុងដឹកជញ្ជូនម៉ាក EGETS ពណ៌ទឹកក្រូច។

លើកទី៣៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៥:៤៥នាទី នៅចំណុចភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្លន់យកម៉ូតូម៉ាកមិត ពណ៌ក្រហម ផ្លាកលេខ HZ០៥៣៣ ភ្ជុងប្លន់។

វត្ថុតាងដកហូត៖ កាភ្លើងខ្លី ចំនួន០២ដើម ម៉ាក់ k៥៤ មានគ្រាប់ចំនួន១៤គ្រាប់, អាយកូមចំនួន២, ម៉ូតូចំនួន២គ្រឿង ម៉ាក់អាយខុន ពណ៌ស ត្រួយចេក ពាក់ផ្លាកលេខ AR ៩៥៨៩ និងអិចស៊ិចទ័រពណ៌ខ្មៅ ពាក់ផ្លាកលេខ AV៨៨៨៨។

បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕