(បាត់ដំបង)៖ អគារចត្តាឡីស័ក១ខ្នងស្ថិតនៅឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ព្យាបាលនិងថែទាំអ្នកឆ្លងជំងឺកូវីដ១៩។ គេហៅអគារនេះថា «អគារចត្តាឡីស័កកម្រិត២នៃមណ្ឌលសុខភាពត្រាង» ដែលត្រូវបានចំណាយថវិកាសាងសង់អស់១៧១,២៤៥ដុល្លារអាមេរិក ជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH)។

ពិធីសម្ពោធអគារចត្តាឡីស័កនេះធ្វើឡើងនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅមណ្ឌលសុខភាពត្រាង ដែលមានទីតាំងស្ថិតក្នុងភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងក្រុមប្រតិភូសាធារណរដ្ឋកូរ៉េ។

លោកអភិបាលស្រុកកំរៀងបានរាយការណ៍ថា អគារចត្តាឡីស័កនៃមណ្ឌលសុខភាពត្រាង១ខ្នងនេះមានបន្ទប់ចំនួន១៤បន្ទប់ ដែលបានពីការចូលរួមសប្បុរសជនខ្មែរជួយដីមួយកន្លែងដែលមានទំហំ៥៨៨ម៉ែត្រក្រឡា និងម្ចាស់អំណោយផ្តល់ជាថវិការបស់អង្គការ KOFIH នៃសាធារណរដ្ឋកូរ៉េ ដែលបានសាងសង់រហូតដល់រួចរាល់នាចុងខែមេសា ឆ្នាំ២០២២ ថ្មីៗនេះ។

លោក សុខ លូ បានថ្លែងអំណរគុណដល់សប្បុរសជនខ្មែរដែលបានជួយដីទីតាំងទំហំ៥៨៨ម៉ែត្រក្រឡា និងម្ចាស់អំណោយផ្តល់ជាថវិការបស់អង្គការ KOFIH នៃសាធារណរដ្ឋកូរ៉េ ដែលបានជួយកសាងមណ្ឌលចត្តាឡីស័កកម្រិត២នៃមណ្ឌលសុខភាពត្រាង១ខ្នងនេះឡើង ខណៈពេលជំងឺកូវីដ១៩ដែលបានផ្ទុះឡើងលើពិភពលោក និងនៅកម្ពុជារយៈពេល២ឆ្នាំកន្លងមក។

ដោយឡែកបណ្ដាស្រុកនៅជាយដែនទាំង៣ គឺស្រុកសំពៅលូន មានមន្ទីរពេទ្យបង្អែកស្រុក ដែលបានគ្របដណ្តប់ស្រុកប្រតិបត្តិចំនួន២ទៀត គឺស្រុកភ្នំព្រឹក និងស្រុកកំរៀង។ ដោយមានការឯកភាពគ្នា ទើបអាជ្ញាធរធ្វើមណ្ឌលនេះឡើងសម្រាប់ទទួលប្រជាពលរដ្ឋនៅតាមសហគមន៍នៃស្រុកជាយដែន ដែលបានសង្ស័យថាមានអាការឆ្លង និងកើតជំងឺកូវីដ១៩ ត្រូវបានអាជ្ញាធរ និងមន្រី្តជំនាញទុកឲ្យនៅដាច់ដោយឡែក ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺនេះនៅតាមសហគមន៍។

លោកអភិបាល សុខ លូ បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់បានទាន់ពេលវេលាពីរាជរដ្ឋាភិបាលដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងក្រសួងសុខាភិបាល រួមកិច្ចសហការជាមួយរដ្ឋបាលខេត្តនានា បានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានទាន់ពេលវេលាប្រកបដោយជោគជ័យ។

លោកបានអំពានាវដល់ពលរដ្ឋទាំងអស់សូមនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ចាប់ពីដូសទី១ និងដូសទី២ឡើងទៅ ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ គឺ៣កុំ ៣ការពារ ទើបទប់ស្កាត់ការឆ្លងរោគនេះបាន១០០%បាន ថែមទាំងអនុវត្តរស់នៅមានអនាម័យក្នុងបរិស្ថានស្អាតជានិច្ច៕