(ភ្នំពេញ)៖ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ ព្រមទាំងសហការី បានផ្ញើសារចូលរួមរំលែកទុក្ខជូន លោកជំទាវ សម លក្ខិណា ឌុល គឿន ចំពោះមរណភាព ឯកឧត្តម សន្ដិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា «ខ្ញុំ និងភរិយាមានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណៈភាពនៅ រសៀលថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨៖១២ នាទី ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។

មរណៈភាពរបស់ ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន គឺជាការបាត់បង់ស្វាមីប្រកបដោយសង្គហធម៌ដ៏ឧត្តុងឧត្តមចំពោះភរិយា ជាឪពុក ឪពុកក្មេក ជីតាប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ចំពោះបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ ព្រមទាំងចំពោះមិត្តភក្តិ និងសហសេវិកដែលឯកឧត្តមតែងតែមានសមានចិត្តជាមួយ និងជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូបដែលពេញមួយជីវិតបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការបម្រើជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសពោរពេញដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមចូលរួមរំលែកទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយ នៃសពទាំងអស់ដោយសេចក្តីសង្វេគបំផុត។ សូមលោកជំទាវ ព្រមទាំងក្រុមគ្រួសារទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះពីខ្ញុំ និងភរិយា»៕