(ភ្នំពេញ)៖ ឧត្តមមន្រ្តីការពារជាតិអាស៊ាន បានពិនិត្យសម្រេចលើឯកសារសំខាន់ៗចំនួន៧ ដើម្បីដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ពិនិត្យ អនុម័ត នៅក្នុងខែមិថុនា ឆ្នាំ២០២២។

បើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្រ្តីការពារជាតិអាស៊ាន ដែលបណ្តាញព័ត៌មាន Fresh News រួមមាន៖

ទី១៖ សេចក្តីព្រាងឯកសារទស្សនាទាន ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្តាប្រទេសអាស៊ានក្នុងការទប់ស្កាត់ជំងឺរាតត្បាតជំងឺឆ្លងដែន
ទី២៖ ការលើកកម្ពស់យន្តការគាំទ្រសម្រាប់ស្រ្តីរក្សាសន្តិភាពអាស៊ាន
ទី៣៖ ឯកសារទស្សនាទាន ស្តីពីការបង្កើតកិច្ចសហការរវាងស្ថាប័នអប់រំយោធាអាស៊ាន
ទី៤៖ សេចក្តីព្រាងឯកសារពិភាក្សា ស្តីពីការលើកកម្ពស់ការចែករំលែកព័ត៌មានរវាងគំនិតផ្តួចផ្តើមការអនុវត្តច្បាប់លម្ហសមុទ្រអាស៊ីអាគ្នេយ៍ជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងវិស័យសន្តិសុខលម្ហសមុទ្រ
ទី៥៖ ឯកសារពិភាក្សា ស្តីពីការឆ្លុះបញ្ចាំងប្រវត្តិសាស្ត្រយោធាដើម្បីលើកកម្ពស់សន្តិភាពជានិរន្តរ៍
ទី៦៖ លក្ខខណ្ឌប្រតិបត្តិរបស់មជ្ឈមណ្ឌលឧត្តមភាពព័ត៌មានសន្តិសុខព័ត៌មានវិទ្យាក្នុងក្របខណ្ឌ ADMM
និង៧៖ សេចក្តីព្រាងចក្ខុវិស័យភ្នំពេញ ស្តីពីតួនាទីគ្រឹះស្ថានការពារជាតិក្នុងការគាំទ្រការស្តារឡើងវិញក្រោយជំងឺកូវីដ១៩។

អំឡុងពេលនៃកិច្ចប្រជុំ ឧត្តមមន្រ្តីការពារជាតិអាស៊ាន បានស្តាប់របាយការណ៍មួយចំនួនរួមមានទី១៖ របាយការណ៍កិច្ចប្រជុំក្រុមការងារឧត្តមមន្រ្តីការពារជាតិអាស៊ាន (ADSOM WG), ទី២៖ របាយការណ៍កិច្ចប្រជុំប្រចាំឆ្នាំនៃបណ្តាញវិទ្យាស្ថានការពារជាតិនិងសន្តិសុខអាស៊ានលើកទី១៥ (15th NADI) និង៣៖ របាយការណ៍កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ (ACDFM-19)។ អង្គប្រជុំក៏បានស្តាប់នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន ដែលមានស្រាប់របស់រដ្ឋសមាជិកអាស៊ាន។

កិច្ចប្រជុំក៏បានពិនិត្យ សម្រេចលើខ្លឹមសាររបស់សេចក្តីព្រាងសេចក្តីប្រកាសរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងបានប្រគល់ជូនក្រុមការងារពិភាក្សាចុងក្រោយលើនីតិវិធីនៃការអនុម័តដោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ។ ជាមួយគ្នានេះដែរ កិច្ចប្រជុំបានពិនិត្យលើសំណើសុំរៀបចំកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ានជាមួយប្រទេសបូក កិច្ចប្រជុំបានសម្រេចឯកភាពឱ្យមានកិច្ចប្រជុំក្រៅផ្លូវការ ចំនួន៤ ដោយក្នងនោះអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្នុងខែមិថុនា ឆ្នាំ២០២២ ចំនួន២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី ការពារជាតិ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ចំនួន២ ដោយអនុលោមតាមឯកសារទស្សនាទាន ស្តីពីការភ្ជាប់ទំនាក់ទំនងរបស់ ADMM ជាមួយដៃគូខាងក្រៅ។

កិច្ចប្រជុំបានពិភាក្សា និងសម្រេចជាគោលការណ៍លើសំណើសុំឱ្យមានលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា ដើម្បអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ រវាងអាស៊ាន និងឥណ្ឌា។ ចំពោះការរៀបចំលម្អិត កិច្ចប្រជុំបានប្រគល់ជូនក្រុមការងារបន្តពិភាក្សាបន្ថែមទៀត។

កិច្ចប្រជុំឧត្តមមន្រ្តីការពារជាតិអាស៊ាន បានបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរ ស្របតាមទិសដៅនៃការជំរុញសាមគ្គីភាពក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីលើកកម្ពស់សន្តិសុខប្រកបដោយ ភាពសុខដុម។

គួរជម្រាបថា កាលពីថ្ងៃ១៧ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារខ្លឹមសារ និងឯកសារ អនុគណៈកម្មការខ្លឹមសារនិងឯកសារ នៃគណៈកម្មការអន្តរក្រសួង ដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ បានរៀបចំនូវកិច្ចប្រជុំឧត្តមមន្រ្តីការពារជាតិអាស៊ាន (ADSOM) នៅទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះដឹកនាំដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិអគ្គនាយក អគ្គនាយក-ដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីការពារជាតិអាស៊ាន ដើម្បីពិភាក្សាលើឯកសារសំខាន់ៗសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ឆ្នាំ២០២២ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»