(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា បានប្រកាសបញ្ចូលសមាជិកសកម្មថ្មីសរុបចំនួន៧១៥នាក់បន្ថែមទៀត និងបានប្ដេជ្ញាបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់ និងគាំទ្រចំពោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ការអំពាវនាវនេះធ្វើឡើងក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រកាសបញ្ចូលសមាជិកសកម្មសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា នៅភោជនីយដ្ឋាន Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

នាឱកាសនោះ លោកប្រធាន ឡី សុភាព បានសម្ដែងការស្វាគមន៍សមាជិក-សមាជិកថ្មីទាំង៧១៥នាក់នេះ និងបានលើកទឹកចិត្តដល់ពួកគេឱ្យខិតខំប្រកបមុខរបរ ការងារឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា ពិសេសត្រូវខិតខំបម្រើប្រជាជននៅតាមមូលដ្ឋានប្រកបដោយសុចរិតភាព។

លោកបានជំរុញឱ្យសមាជិក-សមាជិកទាំងចាស់ទាំងថ្មីចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាបិតាសន្តិភាព។ លោកថា សន្តិភាពជាកត្តាចម្បងបំផុតដែលនាំឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ និងបានអនុគ្រោះដល់ប្រជាជនអាចប្រកបមុខរបរ ការងារដោយភាពសុខសាន្ត រីកចម្រើនលូតលាស់។

លោក ឡី សុភាព តាងនាមឱ្យសមាជិក-សមាជិការបស់សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ព្រមទាំងយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់បានប្ដេជ្ញាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់ និងគាំទ្រចំពោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ក៏ដូចជាគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជាផងដែរ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំបម្រើប្រជាជនយ៉ាងយកចិត្តទុកដាក់។

លោកក៏បានថ្លែងអំណរគុណលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំពាក់ព័ន្ធដែលបានខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈច្រកចេញចូលតែមួយ ក៏ដូចជាការចុះជួយប្រជាជនដល់មូលដ្ឋានផ្ទាល់ និងប្រយោលជាដើម។

លើសពីនេះទៅទៀត លោកប្រធាន ឡី សុភាព បានអំពាវនាវឱ្យសមាជិក-សមាជិកទាំងអស់សូមត្រៀមខ្លួនចូលរួមបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខកុំបីខាន៕