(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ បានស្នើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនចូលរួមថែទាំផ្លូវថ្នល់ ដែលបានស្ថាបនារួចហើយ ទុកជាសម្បត្តិរួម ដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ។

ការស្នើបែននេះរបស់លោកអភិបាលក្រុងបាវិត បានធ្វើឡើងក្នុងឱកាសដែលលោក និងលោកចៅសង្កាត់បាវិត ព្រមទាំងក្រុមការងារបានអញ្ជើញចុះពិនិត្យមើលការឈូសឆាយ និងចាក់ក្រាលថ្មមិច ពង្រីកធ្វើផ្លូវលំប្រវែង១,២០០ម៉ែត្រ នៅភូមិបាវិតលើ សង្កាត់បាវិតក្រុងបាវិត។

លោក លឹម សៀងហេង បានបន្តថា ដោយមើលឃើញនូវការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការធ្វើដំណើរដឹកកសិផលប្រកបមុខរបរប្រចាំថ្ងៃនោះ និងការស្នើរសុំជួសជុលពង្រីកផ្លូវពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រូបលោកបានគៀងគរសប្បុរសជននានាក៏ដូចជាក្រុមការងារចុះជួយមូលដ្ឋានបានធ្វើការចាក់ក្រាលថ្មមុិច ដោយមានបណ្តោយប្រវែង ១,២០០ម៉ែត្រ ទទឹង៨ម៉ែត្រ ព្រមទាំងការដាក់ប្រព័ន្ធលូបង្ហូរទឹកថែមទៀតផង ហើយថវិកាដែលត្រូវចំណាយក្នុងការជួសជុលផ្លូវនាពេលនេះ គឺបានមកពីការចូលរួមពីសំណាក់សប្បុរសជនជិតឆ្ងាយនានា ជាពិសេសគឺក្រុមការងារចុះជួយភូមិបាវិតលើ សង្កាត់បាវិតនេះតែម្តង។

ជាមួយគ្នានេះ លោកអភិបាលក្រុង បានបន្តថា ផ្លូវមួយខ្សែនេះពីមុនជាផ្លូវដីមានសភាពតូចចង្អៀតពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ហើយនៅរដូវវស្សា គឺមានទឹកដក់លិចផ្លូវដោយពុំមានផ្លូវទឹកចេញនោះទេ ជាពិសេសនៅពេលសិស្សសាលាដែលជាកូនចៅពលរដ្ឋនៅរៀនសូត្រម្តងៗតាមផ្លូវនេះ។

លោកបានបន្ថែមទៀតថា សម្រាប់ការពង្រីក និងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសង្ខាងផ្លូវសូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាឡើងវិញផងដែរ ហើយលោកក៏បានថ្លែងអំណរគុណដល់សប្បរសជននានាទាំងអស់ ដែលបានជួយឧបត្ថម្ភទាំងថវិកា និងសម្ភារក្នុងការជួសជុលស្ថាបនាឡើងវិញនៅផ្លូវមួយខ្សែនេះ ជាពិសេសការយោគយល់ពីពលរដ្ឋនូវផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវ។

លោក លឹម សៀងហេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅពេលបានផ្លូវល្អហើយនោះត្រូវចេះថែរក្សាឱ្យបានគង់វង្សយូអង្វែងសម្រាប់ប្រើប្រាស់ ហើយក៏សូមឱ្យប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជាពិសេស គឺចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ប្រជាពលដែលរដ្ឋរស់នៅភូមិបាវិតលើ ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរ ខេត្ត ក្រុងសង្កាត់ ដែលបានគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានសមិទ្ធផលជាច្រើននៅក្នុងក្រុងបាវិតដូចយើងបានឃើញនាថ្ងៃនេះ គឺអាជ្ញាធរបានស្ថាបនាជួសជុលកែលម្អរហេដ្ឋារចនាសម្ព័នបន្ថែមទៀត៕