(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺន «ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២» ដែលមានរយៈពេល១ខែ ត្រូវបានបិទបញ្ចប់នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក វ៉ាន់ លីហោ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនហ្វឹកហ្វឺនបានឱ្យដឹងថា មេរៀនដែលយោធាចារ្យយកមកធ្វើការហ្វឹកហាត់មានដូចជា៖ មេរៀនលំហាត់របៀបជួរទ័ព និងមេរៀនការរក្សាសណ្ដាប់ធ្នាប់ ក្នុងនោះមានដូចជា៖ ការប្រើប្រាស់ដំបង ខែល និងអាវុធរក្សាសណ្ដាប់ធ្នាប់ ដើម្បីការពារបាតុកម្ម ។ល។ បន្ថែមពីនោះគឺរៀនទ្រឹស្ដីស្ដីពី បទវិន័យទូទៅសម្រាប់ កងយោធពលខេមរភូមិន្ទ ក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត និងនីតិវិធីព្រហ្មទណ្ឌ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវអំណរគុណដល់កងកម្លាំងជាសិក្ខាកាម ដែលបានវគ្គហ្វឹកហ្វឺនយ៉ាងយកចិត្តទុកដាក់ប្រកបដោយឆន្ទៈ រយៈពេលពេញ១ខែកន្លងមកនេះ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុហត្ថខេត្ត ក៏បានបញ្ជាក់ទៀតថា ក្នុងនាមកងកម្លាំងត្រូវប្តេជ្ញាការពារសន្តិសុខ ជូនជាតិមាតុភូមិ ការពារសណ្ឋាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អ។ កងទ័ពត្រូវរួមចិត្តថ្លើមគ្នា ដើម្បីសម្រេចកិច្ចការការពារសន្តិសុខជូនជាតិមានតុភូមិ ក្នុងស្មារតីនេះសូមគ្រប់កងកម្លាំងទាំងអស់ត្រូវប្តេជ្ញាធ្វើឲ្យបាន។

លោកឧត្ដមសេនីយ៍ត្រីក៏បានបញ្ជាក់ថា «ភាពរឹងមាំរបស់កងកម្លាំង គឺកើតចេញពីការរួបរួមគ្នា សាមគ្គី សហការគ្នា យល់ពីតួនាទី-ភារកិច្ចរបស់ខ្លួន ដោយមិនត្រូវយកតួនាទីក្នុងនាមជាមន្ត្រី យុត្តិធម៌ ទៅប្រព្រឹត្តអំពើដែលផ្ទុយនឹងច្បាប់នោះទេ។ បើមានមន្ត្រីយុត្តិធម៌ណាប្រព្រឹត្តខុសនឹងច្បាប់ អង្គភាពមិនការពារឡើយត្រូវអនុវត្តតាមនីតិវិធី»។

សូមបញ្ជាក់ថា ក្នុងពិធីបិទវគ្គ «ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២» ក៏មានការសម្តែងមេរៀនសំខាន់ៗចំនួន៤មេរៀនដូចជា៖

*ទី១៖ ថ្នាក់កងអនុសេនាធំរុញច្រានក្រុមបាតុករ និងវាយលុកក្រុមបាតុករ ចាប់យកមេក្លោងបាតុករ
*ទី២៖ សម្ភារចាប់ជនបង្ក មានកាំបិត និងដំបង
*ទី៣៖ អាវុធហត្ថជិះម៉ូតូដេញចាប់ជនសង្ស័យ
*ទី៤៖ បង្ហាញក្បាច់គុណផងដែរ៕