(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក Budi G. Sadikin រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃសាធារណរដ្ឋឥណ្ឌនេស៊ី និងដោយបានទទួលការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៥ និងកិច្ច ប្រជុំពាក់ព័ន្ធ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ក្រោមមូលបទ «ជំរុញសមិទ្ធផលនៃការអភិវឌ្ឍន៍សុខភាព នៅអាស៊ាន (Advancing the Achievement of ASEAN Health Development)»។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានឲ្យដឹងថា កិច្ចប្រជុំដែលមានឥណ្ឌូនេស៊ី ជាប្រធាន និងជាម្ចាស់ផ្ទះ មានអ្នកចូលរួមជា រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសសមាជិកអាស៊ានទាំង១០ រដ្ឋមន្ត្រី សុខាភិបាលប្រទេសអាស៊ានបូកបី (សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ) និងរដ្ឋមន្រ្តីសុខាភិបាលសហរដ្ឋអាម៉េរិក។

កិច្ចប្រជុំរយៈពេល៥ថ្ងៃ បានទទួលលទ្ធផលដូចខាងក្រោម៖

១៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៥ បានចេញសេចក្តីថ្លែងការណ៍រួម ដែលមាន ខ្លឹមសារសង្ខេប៖

* បង្កើតមជ្ឈមណ្ឌលអាស៊ាន សម្រាប់ឆ្លើយតបបញ្ហាសុខភាពសាធារណៈ និងជំងឺឆ្លងកាច សាហាវផ្សេងទៀត ចំនួនបី គឺនៅប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ និងប្រទេសវៀតណាម ដែលមានលេខាធិការដ្ឋាន មួយនៅប្រទេសថៃ
* រៀបចំយន្តការទទួលស្គាល់គ្នាទៅវិញទៅមកវិញ្ញាបនបត្រចាក់វ៉ាក់សាំងឌីជីថល ដែលបាន ផ្តួចផ្តើមដោយប្រទេសឥណ្ឌូនេស៊ី
* ពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារ ការត្រៀមឆ្លើយតបករជាបន្ទាន់ នឹងរកឲ្យឃើញបានលឿនចំពោះបញ្ហាសុខភាពសាធារណៈបន្ទាន់
* ធានាការទទួលបានវ៉ាក់សាំង ឱសថព្យាបាល ការធ្វើរោគវិនិច្ឆ័យ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តសំខាន់ៗ សម្រាប់ត្រៀមទប់ទល់ឆ្លើយតបចំពោះការរាតត្បាតនានា ដែលអាចកើតមាន
* និង ពង្រឹងកិច្ចសហការពហុភាគីក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអាស៊ាន២០២១-២០២៥ ជាពិសេស ជាមួយដៃគូសន្ទនាអាស៊ាន ឲ្យបានសម្រេចទៅតាមទិសដៅដែលបានដាក់ចេញ។

២៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-បូកបី លើកទី៩ បានចេញសេចក្តីថ្លែងការណ៍រួម ដែលមានខ្លឹមសារសង្ខេប៖

* គាំទ្រការបង្កើតមជ្ឈមណ្ឌលអាស៊ាន សម្រាប់ឆ្លើយតបបញ្ហាសុខភាពសាធារណៈ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត ឲ្យបានលឿន
* ស្តារឡើងវិញប្រព័ន្ធសុខាភិបាលឆ្លើយតបមួយប្រចាំតំបន់ តាមរយៈការពង្រឹងយន្តការកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ដែលមានស្រាប់
* បង្កើនការប្រើប្រាស់ មូលនិធិដែលបាន បម្រុងទុក (Trust Funds) ដោយប្រទេសបូកបី ដូចជាមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន
* ពង្រឹង សមត្ថភាពមន្រ្តីសុខាភិបាលអាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសបូកបី ជាពិសេសពង្រឹងកិច្ច សហប្រតិបត្តិការលើសកម្មភាពជាអាទិភាព ដែលបានកំណត់ក្នុងផែនការ សុខាភិបាលអាស៊ានទាំងបួន (១.លើក កម្ពស់ការរស់នៅប្រកបដោយសុខភាព ២.ឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈ ៣.ពង្រឹងប្រព័ន្ធសុខាភិបាល និងការទទួលបាននូវសេវាសុខភាព ប្រកបដោយសមធម៌ ៤.ធានាឲ្យបានសុវត្ថិភាព ចំណីអាហារ)។

៣៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-ចិន លើកទី៨ បានចេញសេចក្តីថ្លែងការណ៍រួម ដែលមាន ខ្លឹមសារសង្ខេប៖
* ប្រគល់ភារកិច្ច ឲ្យឧត្តមមន្រ្តីសុខាភិបាលអាស៊ាន-ចិន ពនឿនការពិនិត្យបញ្ចប់ អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលឲ្យបានឆាប់រហ័ស
* ពង្រឹងបន្ថែមទៀតកិច្ចសហការអាស៊ាន-ចិន និងស្តារឡើងវិញប្រព័ន្ធសុខាភិបាលអាស៊ាន តាមរយៈការគាំទ្រនូវការចែករំលែកព័ត៌មានមេរៀនជាបទពិសោធន៍ក្នុងការឆ្លើយតបបញ្ហាសុខភាពសាធារណៈបន្ទាន់
* ពិនិត្យ លទ្ធភាពកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបច្ចេកវិទ្យាផ្នែកត្រួតពិនិត្យគុណភាពឱសថបុរាណ ការធ្វើរោគវិនិច្ឆ័យ គ្លីនិក ការព្យាបាល និងការគ្រប់គ្រង ជំងឺមិនឆ្លង
* ពង្រឹងសមត្ថភាពផ្នែកមន្ទីរពិសោធន៍ ក្នុងការវិភាគរកមូលហេតុ និងហានិភ័យនៃជំងឺឆ្លងថ្មី។

៤៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-កូរ៉េ លើកទី១ បានចេញសេចក្តីថ្លែងការណ៍រួម ដែលមាន ខ្លឹមសារសង្ខេប៖
* ពង្រឹងការទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព សំដៅសម្រេចឲ្យបានការគ្រប ដណ្តប់សុខភាពជាសកល ព្រមទាំងពង្រឹងវិធានការសន្តិសុខសុខភាព តាមរយៈបង្កើនការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានវិទ្យា ក្នុងការកាត់បន្ថយចំណាយវេជ្ជសាស្ត្រ ទប់ស្កាត់ឱសថក្លែងក្លាយ ព្រមទាំង ការពារ និងឆ្លើយតបជំងឺ ឆ្លង
* ពង្រឹងបន្ថែមទៀតប្រព័ន្ធតាមដានជំងឺឆ្លងដែលមានស្រាប់ បណ្តាញមន្ទីរពិសោធន៍ធ្វើរោគវិនិច្ឆ័យ ព្រមទាំង កម្មវិធីចាក់ថ្នាំបង្ការ ដើម្បីឆ្លើយតបបញ្ហាសុខភាពសាធារណៈបន្ទាន់
* ពង្រឹងសមត្ថភាពផ្នែកធនធានមនុស្ស សុខាភិបាល តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេស និងវគ្គបណ្តុះ បណ្តាលអន្តរជាតិផ្នែកការគ្របដណ្តប់សុខ ភាពជាសកល និងការត្រៀមរៀបចំ និងឆ្លើយតបការរាតត្បាតដោយជំងឺឆ្លងផ្សេងៗដូចជាការធ្វើរោគវិនិច្ឆ័យតាម មន្ទីរពិសោធន៍ឱ្យបានរហ័ស មណ្ឌលប្រតិបត្តិការឆ្លើយតបបន្ទាន់ ប្រព័ន្ធគាំទ្រការតាមដានជំងឺឆ្លង ជាពិសេសហេដ្ឋា រចនាសម្ព័ន្ធថែទាំសុខភាពឌីជីថល។

៥៖ កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួម ដែលមានខ្លឹមសារសង្ខេប៖
* ពង្រឹងភាពជាដៃគូ និងការប្តេជ្ញាចិត្ត ដែលបានដាក់ចេញដោយមេដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី
* បានអនុម័តលើតួនាទី និងភារកិច្ចក្នុងការរៀបចំកិច្ចប្រជុំជាទៀងទាត់លើវិ ស័យសុខាភិបាលរវាងអាស៊ាន-សហរដ្ឋអាមេរិក
* លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាងអា ស៊ាន-សហរដ្ឋអាមេរិក តាមរយៈកិច្ចសន្ទនាជាផ្លូវការ ចាប់ពីថ្នាក់ក្រុមការងារសុខាភិបាល ឧត្តមមន្រ្តីសុខាភិបាល និងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីសុខាភិបាល
* អាស៊ាន-សហរដ្ឋអាមេរិក ឯកភាពសហការលើផ្នែកពង្រឹងប្រព័ន្ធសុខាភិបាល សម្រាប់សុខភាពសាធារណៈបន្ទាន់ ការពង្រឹងសមត្ថភាពធនធានមនុស្ស និងពង្រឹងប្រព័ន្ធព័ត៌មាននិងទិន្នន័យ
* ប្តេជ្ញាចិត្តក្នុងការវិនិយោគ និងពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈការគ្របដណ្តប់សុខាភិបាលជាសកល ជាពិសេសការថែទាំសុខភាពបឋម និងធនធានមនុស្ស។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ដោយជោគជ័យ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំងអស់ និងរវាង អាស៊ាន ជាមួយប្រទេសជាដៃគូសន្ទនាទាំងអស់ផងដែរ។

ឥណ្ឌូនេស៊ីក្នុងនាមជាប្រធានប្តូរវេនចប់អណត្តបានថ្លែង អំណរគុណប្រទេសសមាជិកនិងដៃគូសន្ទនា ដែលបានសហការយ៉ាងជិតស្និទ្ធ និងគាំទ្រយ៉ាងពេញទំហឹងក្នុងរយៈ ពេលពីរឆ្នាំកន្លងមក ព្រមទាំងប្រគល់តួនាទីជាប្រធានប្តូរវេនបន្តទៅឲ្យសាធារណរដ្ឋប្រជាធិបតេយ ប្រជាមានិតឡាវ ដែលនឹងត្រូវរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងវៀងច័ន្ទនា ឆ្នាំ២០២៤ ខាងមុខ៕