(ភ្នំពេញ)៖ ក្រសួងកសិកម្ម និងក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពិភាក្សាលើកាងារពង្រឹងប្រសិទ្ធភាពការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងកសិកម្ម រុក្ខាប្រមាញ់។

កិច្ចប្រជុំនេះបានធ្វើឡើងអធិបតីភាពលោក គឹម សុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួម ពីឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហការី ព្រមទាំងអ្នកពាក់ព័ន្ធ នៃក្រុមការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំលឿងរាជ។

នាឱកាសនោះលោក គឹម សុន បានលើកឡើងពីគោលបំណងនៃកិច្ចប្រជុំគឺដើម្បីពង្រឹងការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

លោករដ្ឋលេខាធិការ បានបន្ថែមថា កិច្ចប្រជុំថ្ងៃនេះ គឺជជែកពិភាក្សាការងារសំខាន់មានដូចជា ការងាររៀបចំសិក្ខាសាលាអប់រំផ្សព្វផ្សាយពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបណ្តាល មកពីគ្រឿងញៀនដល់គ្រប់អង្គភាពក្រោម ឱវាទក្រសួង និងវិស័យឯកជនដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម និងការពង្រឹងកិច្ចសហការ និងការផ្តល់ព័ត៌មានរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ល។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ, ឧត្តមសេនីយ៍ទោ លឹម តុងហួត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចូលរួមសហការអនុវត្តនូវផែនការ យុទ្ធសាស្រ្តរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងវិស័យ កសិកម្មនាពេលកន្លងមក ហេីយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រីករាយនិងផ្តល់កិច្ចសហការជួយដល់ក្រុមការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់កាលៈទេសៈ៕