(ភ្នំពេញ)៖ គ្រោះអគ្គិភ័យ ឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យកើតអគ្គិភ័យឆាបឆេះឃ្លាំងអេតចាយ ១កន្លែង ព្រមទាំងបំផ្លាញបន្ទប់ស្នាក់នៅចំនួន ៤បន្ទប់ និងបំផ្លាញសម្ភារអស់មួយចំនួន សមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ ៨ឡាន ទើបបាញ់បានរលត់ទាំងស្រុងនៅនាវេលាម៉ោង ១១៖៥៥នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ។

បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ទីតាំងខាងលើនេះ គឺស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិស្លែងរលីង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍គ្រោះអគ្គិភ័យខាងលេីនេះរួចមកភ្លាមៗ លោកបានបញ្ជរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅដេីម្បីជួយអន្តរាគមន៍សង្គ្រោះភ្លាមៗ។ ដោយនៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចជំនាញរបស់យេីងប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យចំនួន ៨គ្រឿង ប្រេីប្រាស់ទឹកអស់ ៨ឡាន ស្មេីរនឹង៣២ម៉ែត្រគូប។

លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ចំពោះករណីអគ្គិភ័យខាងលេីនេះ គឺពុំបណ្តាលឱ្យមានអ្នករងរបួសនោះឡេីយ ដោយគ្រាន់តែខូចខាតបន្ទប់ស្នាក់នៅចំនួន៣បន្ទប់, ក្រដាស់ឡាំង និងសម្ភារអស់មួយចំនួនតែប៉ុណ្នោះ៕