(បន្ទាយមានជ័យ)៖ លោក សេង ធារិន នៅព្រឹកថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួបសំណេះសំណាល ពិនិត្យសុខភាព ចែកវ៉ែនតាមនុស្សចាស់, ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទូទៅ និងលើកស្លាកគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការបក្សក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រះព្រះ ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋ ៤៥២នាក់ ក្នុងនោះក៏មានសមាជិកគណបក្សប្រជាជនកម្ពុជា ដែលបានប្តូរមកពីគណបក្សប្រឆាំងផងដែរ បានមកទទួលសេវាពិនិត្យសុខភាព ទទួលឱសថ ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ និងទទួលវ៉ែនតាមនុស្សចាស់ ដែលជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពីក្រុមការងារចុះជួយឃុំ ស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារអភិវឌ្ឍន៍យុវជន ខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន។

នៅក្នុងពិធីសំណេះសំណាល លោក សេង ធារិន បានលើកបង្ហាញអំពីគុណសម្បត្តិរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងកូវីដ១៩។ លោក សេង ធារិន បានអះអាងថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រ និងនយោបាយវ៉ាក់សាំងប្រកបដោយភាពប្រាកដនិយម និងប្រសិទ្ធភាពខ្ពស់ ដែលបាននាំមកនូវជោគជ័យយ៉ាងធំធេង និងជាទីមោទនៈក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរចេញពីការយាយីនៃសត្រូវឥតស្រមោលដ៏កាចសាហាវកូវីដ-១៩។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ គឺខណៈដែលប្រជាពលរដ្ឋក្នុងប្រទេសជាច្រើនរកវ៉ាក់សាំងដូសមូលដ្ឋានចាក់មិនទាន់បានផងនោះ ប្រជាពលរដ្ឋខ្មែរជាច្រើនបានទទួលដូសជំរុញទី៣ និងទី៤ រួចស្រេចទៅហើយ។

លោក សេង ធារិន បានគូសបញ្ជាក់ដូច្នេះ «ក្នុងកំឡុងពេលវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចេញកញ្ចប់ថវិការាប់លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលទទួលរងផលប៉ះពាល់និងមុខសញ្ញាជនងាយរងគ្រោះ។ ដូច្នេះការកាពារអាយុជីវិតប្រជាពលរដ្ឋចេញពីសេចក្តីស្លាប់ដោយសារកូវីដ១៩ និងការបញ្ចៀសផលវិបាកធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច គឺជាគុណសម្បត្តិដ៏ថ្លៃថ្លាបំផុតថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា»

លោក បានសង្កត់ធ្ងន់ថា «ការដោះស្រាយវិបត្តិសកលដ៏ស្មុគស្មាញ និងធំធេងដោយជោគជ័យបាននាំមកនូវភាពសុំាក្នុងសហគមន៍ដែលនាំឱ្យកម្ពុជា អាចបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញជាពិសេសវិធានការមិនតម្រូវអោយពាក់ម៉ាស់នៅតាមទីសាធារណៈគឺជាតម្លៃដែលប្រជាពលរដ្ឋខ្មែរ មើលឃើញយ៉ាងច្បាស់នូវគុណសម្បត្តិគ្មានគូប្រៀបរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា»

សូមបញ្ជាក់ថា បន្ទាប់ពីពិធីសំណេះសំណាល លោក សេង ធារិន និងក្រុមការងារ បានអញ្ជើញលើកស្លាកគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការបក្សឃុំទំហំ ៤ម៉ែត្រ គុណ ៨ម៉ែត្រ ចំនួន ១ផ្ទាំង និងប្រគល់ស្លាកគណបក្សជូនលោកមេបក្សភូមិទាំង ១២ផងដែរ៕