(ត្បូងឃ្មុំ)៖ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិ ជ្រើសរើសជីវភាពនយោបាយ ទៅតាមការពេញចិត្ត្ត និងទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះឲ្យបានគ្រប់គ្នា។

ការអំពាវនាវនេះ បានធ្វើឡើង ខណៈលោក ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្រែក ស្រុកពញាក្រែក បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ជួបការលំបាកចំនួន៤៥នាក់ និងប្រគល់ផ្ទះមូលនិធីជនការមួយខ្នងដល់គ្រួសារស្ត្រីម្នាក់ដែលពិការរស់នៅក្នុងភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក។

លោក ជា ចំណាន តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងថា «សព្វថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើពលរដ្ឋខ្លួនជានិច្ច ដោយមិនឲ្យអ្នកណាម្នាក់លំបាកនិងខិតខំប្រឹងស្តារប្រទេសជាតិឡើងវិញ»

លោកថា «យើងត្រូវការពារ សមិទ្ធផលថ្មីៗ ដែលកើតចេញកត្តាសន្តិភាពដែលសម្តេចតេជោ ខិតខំប្រឹងប្រែង រកមកឲ្យកម្ពុជារហូតមានអ្វីៗដូចសព្វថ្ងៃ និងកំពុងបន្តកសាងអភិវឌ្ឍន៍សង្គមជាតិទៀត»។ ក្នុងឱកាសនោះ មន្រ្តីជាន់ខ្ពស់រូបនេះ បានជំរុញលើកទឹកចិត្តដល់ពលរដ្ឋឲ្យរួមគ្នាទៅទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ឲ្យគ្រប់ៗគ្នា ពីដូសមូលដ្ឋានដល់ដូសជំរុញបន្ថែមទៀត។

សូមជម្រាបជូនថា អំណោយរបស់លោក វង សូត តាមរយៈលោក ជា ចំណាន ដែលផ្តល់ជូនគ្រួសារជួបការលំបាកចំនួន៤៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្គរ២០គីឡូក្រាម, មីជាតិមួយកេស, ទឹកត្រី មួយយួរ, ទឹកស៉ីអ៊ីវមួយយួរ, ឃីតថ្នាំពេទ្យមួយកញ្ចប់, ក្រមា១ និងថវិកា៣ម៉ឺនរៀលផងដែរ៕