(ព្រះវិហារ)៖ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ និងលោកស្រី នៅដើមសប្តាហ៍នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកសម្ភារសុខាភិបាល និងសម្ភារសិក្សា នៅក្នុងស្រុកសង្គមថ្មី និងស្រុកគូលេន នៃខេត្តព្រះវិហារ ចំណែកឯនៅស្រុកជាំក្សាន្តវិញលោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរព្រះវិហារ បានអញ្ជើញជាអធិបតីតំណាងឲ្យលោក។

អញ្ជើញចូលរួមជាអធិបតីក្នុងស្រុកក្រុងនីមួយៗ មានតំណាងមកពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ អាជ្ញាធរព្រះវិហារ គណៈអភិបាលស្រុក ក្រុង សមាជិកក្រុមប្រឹក្សាស្រុក ក្រុង ក្រុមប្រឹក្សាឃុំ សង្កាត់ សមាគមក្រុមប្រឹក្សាសុខភាពប្រជាជន នាយក នាយិការ លោកគ្រូ អ្នកគ្រូ យុវជន ប្រមាណ១៥០រូប និងសិស្សបឋមសិក្សា៥០នាក់ ក្នុងស្រុកក្រុងនីមួយៗ ដែលសរុបទាំងអស់ប្រមាណ ១៦០០នាក់។

នៅក្នុងឱកាសនោះ លោក សួស យ៉ារ៉ា បានលើកឡើងពីកិច្ចប្រឹងប្រែងក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍន៍ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលសម្រេចបាន និងភាពជោគជ័យក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាល ការចាក់វ៉ាក់សាំងការពារ និងការព្យាបាលជំងឺកូវីដ១៩ និងការរក្សាលំនឹងជីវភាពប្រជាជន និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុងពេលនិងក្រោយកូវីដ១៩ ជាពិសេសពីមោទនភាពដែលប្រទេសកម្ពុជា មិនមានអ្នកឆ្លងកូវីដ១៩ ក្នុងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ខណៈពេលដែលប្រទេសមួយចំនួនក្នុងតំបន់ នៅបន្តឆ្លងរីករាលដាល។

លោកបានបញ្ជាក់បន្ថែមអំពីការដឹកនាំដោយភាពប៉ិនប្រសព្វរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងអំពាវនាវឲ្យមានសាមគ្គីភាពជុំវិញមេដឹកនាំ ហើយសាមគ្គីជាតិតែមួយគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត លោកបណ្ឌិត ហ៊ុន ម៉ាណែត។

ក្នុងឱកាសនោះដែរ លោកតំណាងរាស្រ្ត ក៏បានលើកឡើងអំពីវិស័យសុខាភិបាលសាធារណៈ ដោយផ្អែកលើទស្សនៈការការពារប្រសើរជាងការព្យាបាល តាមរយៈការដាក់ឲ្យដំណើរការមន្ទីរពិសោធន៍វេជ្ជសាស្រ្ត នៅក្នុងខេត្តព្រះវិហារ និងវិស័យអបរំទូទៅ ដែលការធ្វើដំណើរទៅសាលារៀន មានភាពងាយស្រួលជាងមុន ដោយរាជរដ្ឋាភិបាលបានពង្រាយសាលាគ្រប់កម្រិតឲ្យខិតកាន់តែជិតទៅនឹងមូលដ្ឋាន ជាបន្តបន្ទាប់ ក៏ដូចជាការពង្រឹងវិស័យអបរំទាំងបរិមាណ ទាំងគុណភាព ទាំងតំបន់ប្រជុំជន ទាំងតំបន់ជនបទ។ ជាមួយគ្នានេះ លោកប្តេជ្ញាជំរុញឲ្យតម្លៃនៃការពិនិត្យសុខភាពសម្រាប់មន្រ្តីរាជការ គ្រូបង្រៀន និងប្រជាជន ក្នុងខេត្តព្រះវិហារ ឲ្យស្ថិតក្នុងតម្លៃសមរម្យបំផុត។

ក្រុមការងារក៏បាននាំយកសម្ភារសម្រាប់តាមដានដាន ការពារជំងឺកូវីដ-១៩ ដូចជាប្រដាប់វាស់កម្ដៅ ម៉ាស់ និងឧបករណ៍តេស្ត កូវីដ១៩ ចែកជូនអាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ លោកនាយកសាលា នាយិការសាលា លោកគ្រូ អ្នកគ្រូ យុវជន ប្រមាណ១ ២០០នាក់ ចែកសម្ភារសិក្សា ដូចជាកាបូបស្ពាយ ប៊ិច សៀវភៅ កញ្ចាប់អនាម័យសុខភាព និងប្រអប់ដាក់អាហារ ជាដើម ដល់សិស្សបឋមសិក្សាចំនួន ៤០០ នាក់ និងឧបត្ថម្ភថវិកាសម្រាប់សិស្ស គ្រូបង្រៀន ក្រុមប្រឹក្សាស្រុក ក្រុង ក្រុមប្រឹក្សាឃុំ សង្កាត់ និងយុវជន។

លោកបានលើកពីមោទនភាពនៃខេត្តព្រះវិហារ ដែលសំបូរទៅដោយប្រាសាទ និងបូរាណដ្ឋានសំខាន់ៗ ដូចជាប្រាសាទព្រះវិហារ ប្រាសាទកោះកេរ្តិ៍ និងប្រាសាទព្រះខ័នកំពង់ស្វាយជាដើម និងជាពិសេសឲ្យប្រជាជននៅក្នុង ខេត្តព្រះវិហារ ទាំងមូល រង់ចាំស្វាគមន៍ដំណឹងល្អ នៃការចុះបញ្ជីក្រុមប្រាសាទកោះកេរ្តិ៍ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១-២ ខែឧសភា កន្លងទៅ លោក និងលោកស្រី ក៏បានជួបសំណេះសំណាលដូចគ្នានេះដែរ នៅក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ ស្រុកឆែប ស្រុកជ័យសែន និងស្រុករវៀង៕