(ភ្នំពេញ)៖ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា និងលោកស្រី ម៉ាណ ណាវី តំណាងរាស្ដ្រមណ្ឌលភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានបន្ដនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនប្រជាពលរដ្ឋដែលជាខ្មែរឥស្លាមចំនួន៤២គ្រួសារ នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីសប្ដាហ៍កន្លងទៅនេះ។

ក្នុងនោះ លោកស្រី ម៉ាណ ណាវី បាននាំយកថវិកាដែលជាជំនួយរបស់ លោកឧកញ៉ា លី ម៉ាន អគ្គនាយកក្រុមហ៊ុន ខេ អេន អូ ខប និងលោក រ៉ូហ្វី អូស្មាន បាននាំយកអំណោយរបស់ សមាគមសម្ព័ន្ធយុវជនមុស្លិកម្ពុជា រាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកម្មវិធីគ្រួសារយើង នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។

ទាំងលោកស្រី ម៉ាណ ណាវី និងលោក រ៉ូហ្វី អូស្មាន សម្តែងការចូលរួមសោកស្តាយចំពោះការបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋដោយសារហេតុការណ៍អគ្គិភ័យនេះ។ លោក និងលោកស្រី ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ កុំមានការបាក់ទឹកចិត្ត និងត្រូវខិតខំប្រឹងប្រែងឡើងវិញ។

បន្ថែមពីនេះ លោក រ៉ូហ្វី អូស្មាន ក៏បាននាំយកនូវការសោកស្ដាយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដល់ប្រជាពលរដ្ឋដែលត្រូវរងគ្រោះដោយអគ្គីភ័យឆាបឆេះ ដោយក្ដីសោកស្ដាយជាទីបំផុត និងបានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ដែលអាចកេីតជាយថាហេតុណាមួយដែលមិនអាចដឹងមុនទេ។

លោកបានបញ្ជាក់ដែរថា «យើងរួមសុខរួមទុក្ខជាមួយគ្នា ហើយថ្នាក់ដឹកនាំមិនទុកបងប្អូនចោលនោះទេ ហើយថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែគិតគូរដោះស្រាយរាល់កង្វល់របស់សហគមន៍ដោយមិនប្រកាន់ពូជសាសន៍ឡើយ»

សូមជម្រាបថា អំណោយដែលលោកស្រី ម៉ាណ ណាវី នាំយកទៅនោះរួមមាន ជូនប្រជាពលរដ្ឋដែលរងគ្រោះ ចំនួន៤២គ្រួសារ ក្នុងនោះ សម្រាប់២១គ្រួសារដែលត្រូវបានភ្លើងឆេះគេហដ្ឋានទាំងស្រង់ និងមធ្យម ទទួលបាន អង្ករ៥០គីឡូ, មី១កេស, ថវិកា១០មុឺនរៀល និង២១គ្រួសារផ្សេងទៀត ទទួលបាន អង្ករ៥០គីឡូក្រាម, មី១កេស និងថវិកា៥មុឺនរៀល។

ដោយឡែក លោក រ៉ូហ្វី អូស្មាន បានយកនាំថវិកាដែលបានចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ ចំនួន៤២គ្រួសារ ដោយក្នុងមួយគ្រួសាទទួលបាន អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ ១យួរ និងថវិកា៤ម៉ឺនរៀល ជាជំនួយបស់សមាគមសម្ព័ន្ធយុវជនមុស្លិកម្ពុជា រាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកម្មវិធីគ្រួសារយើង នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ៕