(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងថា ក្រសួងបានបន្តសម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ស្របតាមតួនាទីដែលមានចែងក្នុងច្បាប់ជាធរមាន ក៏ដូចជាស្របតាមស្មារតីចង់បានរបស់តំណាងភាគីកម្មករនិយោជិត ដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។

ជាក់ស្តែង នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយ ជាលើកទី១១ ក្រោមអធិបតីភាពរបស់លោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ដោយមានតំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី ឈឹម ស៉ីថរ, លោកស្រី ឈឹម សុខន, លោកស្រី រី សុវណ្ណឌី, លោកស្រី សុន ស្រីពេជ្រ និងលោកស្រី ហៃ សុភាព និងតំណាងភាគីនិយោជក រួមមាន លោក ហាយ វលាភ, លោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេង ដោយអវត្តមាន លោក Hein Dames ដែលមានធុរៈចាំបាច់។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ភាគីទាំងពីរបានលើកឡើងនូវមតិយោបល់ដូចខាងក្រោម៖

* មតិរបស់តំណាងក្រុមហ៊ុនណាហ្គាវើលដ៍៖ ជាការឆ្លើយតបទៅនឹងប្រជុំលើកមុនកន្លងមក ក្រុមហ៊ុននៅតែរក្សាជំហរដដែល នឹងមិនទទួលយកកម្មករនិយោជិតដែលបានបញ្ឈប់ពីការងាររួម និងនៅសេសសល់ចំនួន ១៩០នាក់ ដែលមិនទាន់មកទទួលយកកញ្ចប់បញ្ចប់កិច្ចសន្យាដោយការព្រមព្រៀង ឱ្យចូលធ្វើការវិញឡើយ។

* មតិរបស់សហជីព និងតំណាងភាគីកម្មករនិយោជិត៖

១៖ ចំពោះការបញ្ឈប់ពីការងាររួម ដោយសារមូលហេតុកូវីដ-១៩ និងសំណើដោះដូរកម្មករនិយោជិត ដែលក្រុមហ៊ុននៅតែមិនអាចផ្លាស់ប្តូរបាន គឺមិនមែនមិនអាចទៅរួចទេ ប៉ុន្តែក្រុមហ៊ុនមិនចង់ដោះស្រាយ។
២៖ ស្នើឱ្យកម្មករនិយោជិត ២០០នាក់ ដែលបានបញ្ឈប់ពីការងាររួមចូលធ្វើការងារវិញ ដោយធ្វើការដោះដូរជាមួយកម្មករនិយោជិត ដែលកំពុងបម្រើការងារហើយស្ម័គ្រចិត្តលាឈប់ជំនួសប្រហែល ៣០០នាក់ នឹងធ្វើការខែទី១ ចំនួន៥០%, ខែទី២ ចំនួន៧០% រហូតដល់មានវេនធ្វើការពេញវិញ។
៣៖ ស្នើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់លិខិតរបស់អធិការការងារស្តីពីការឯកភាពលើការបញ្ឈប់ពីការងាររួមរបស់កម្មករនិយោជិត ១ ៣២៩នាក់ ក្នុងនោះ មានថ្នាក់ដឹកនាំសហជីព ប្រតិភូបុគ្គលិក សកម្មជន និងសមាជិកសហជីព នាពេលកន្លងមក។
៤៖ ស្នើសុំបើកការិយាល័យសហជីព ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឡើងវិញ ដើម្បីធ្វើការទំនាក់ទំនងការងារវិញ ដោយសារម្ចាស់ផ្ទះនៅតែបន្តទាមទារប្រាក់ជួលផ្ទះ ដែលមានម៉ូតូ និងសម្ភារផ្សេងៗនៅក្នុងនោះ។
៥៖ ស្នើសុំទំលាក់រាល់បទចោទទាំងអស់ដល់ថ្នាក់ដឹកនាំ និងសមាជិកដែលត្រូវបានចោទប្រកាន់។

ក្រសួងការងារបានបន្តឲ្យដឹងថា បន្ទាប់ពីស្តាប់មតិយោបល់របស់ភាគីទាំងពីរ អធិការការងារបានពន្យល់អំពីគោលការណ៍ និងខ្លឹមសារនៃមាត្រា៩៥ នៃច្បាប់ស្តីពីការងារ ជូនភាគីទាំងពីរជាថ្មីម្តងទៀតផងដែរ។

ក្រសួងបានបញ្ជាក់ទៀតថា ក្រោយពីការពិភាក្សាគ្នាយ៉ាងផុសផុល ភាគីទាំងពីរបានឯកភាព ដូចខាងក្រោម៖

១៖ ភាគីទាំងពីរ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ។
២៖ កំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤៖៣០នាទី ដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ។

ក្រសួងបានបញ្ជាក់ផងដែរថា បើទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួងនឹងបន្តខិតខំធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។

ជាថ្មីម្តងទៀត ក្រសួងបានស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ យោងតាមនីតិវិធី ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕