(ទីក្រុងបាលី, ឥណ្ឌូនេស៊ី)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ឆ្នាំ២០២២ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (ASEAN ECONOMIC MINISTERS’ SPECIAL MEETING 2022) នៅសណ្ឋាគារ AYANA Resort & Spa នៃទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះ មានការចូលរួមដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងគណៈប្រតិភូមកពីប្រទេសសមាជិកទាំងអស់ អគ្គលេខាធិការអាស៊ាន ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក្នុងនាមជាប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍ជូនសមាជិកអង្គប្រជុំទាំងអស់ និងបានថ្លែងអំណរគុណប្រទេសឥណ្ឌូនេស៊ី សម្រាប់ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងគណៈប្រតិភូទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំពិសេសនេះ។

លោករដ្ឋមន្ត្រីបន្តថា កិច្ចប្រជុំពិសេសនេះ មានមានគោលបំណងពិភាក្សា និងផ្លាស់ប្តូរមតិយោបល់រវាងប្រទេសសមាជិកអាស៊ាននីមួយៗ អំពីបញ្ហាតំបន់ និងសាកលថ្មីៗ ដែលកំពុងជះឥទ្ធិពលដោយផ្ទាល់ឬប្រយោលមកលើតំបន់អាស៊ាន ជាពិសេសក្នុងអំឡុងពេលដែលអាស៊ានកំពុងខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ។ កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តទៅស្របពេលដែលស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ១៩ បានថមថយចុះ និងមានការលើកលែងការរឹតត្បិតចំពោះការធ្វើដំណើរនៅតាមបណ្តាប្រទេសអាស៊ាន។

លោករដ្ឋមន្ត្រីបន្ថែមថា កិច្ចប្រជុំបានកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ (១) ស្ថានភាពសេដ្ឋកិច្ចសកល (២) បច្ចុប្បន្នភាពនៃការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) (៣) ការត្រៀមរបស់អាស៊ានសម្រាប់សន្និសីទរដ្ឋមន្ត្រីលើកទី១២ នៃអង្គការពាណិជ្ជកម្មពិភពលោក (៤) វិធានការនានាផ្នែកបរិស្ថាននិងបម្រែបម្រួលអាកាសធាតុដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម (៥) គំនិតផ្តួចផ្តើមក្នុងទម្រង់ជាគម្រោងអាស៊ាន និង (៦)បញ្ហាផ្សេងៗទៀត។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ជាការកត់សម្គាល់ សមាជិកអង្គប្រជុំទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរទស្សនៈ មតិយោបល់ និងការពិភាក្សា ទៅលើរបៀបវារៈនីមួយៗ ដែលធ្វើឱ្យកិច្ចប្រជុំនេះបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់៕