(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យ លោក នរិន្ត្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ពន្លឿននីតិវិធីដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ និងបង្កើតជើងហោះហើរត្រង់ បន្ទាប់ពីកម្ពុជាបានបើកដំណើរការបរទេសឡើងវិញ និងសម្រួលលក្ខខណ្ឌនានា ក្រោយស្ថានភាពកូវីដ១៩ បានធូរស្បើយ។

សំណើទាំងពីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ លោក នរិន្ត្រា ម៉ូឌី នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ ដែលពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងបញ្ហាជាច្រើនទៀត។

នៅក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើដល់ភាគីឥណ្ឌាចំនួន២ចំណុច ដោយក្នុងនោះរួមមាន ការជំរុញនូវការបញ្ចប់នីតិវិធីបច្ចេកទេសឲ្យបានឆាប់ ដើម្បីពន្លឿនលើការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងឥណ្ឌា និងពន្លឿនទៅលើការចរចា ដើម្បីបញ្ចប់នូវសន្ធិសញ្ញាវិនិយោគទ្វេភាគីកម្ពុជា-ឥណ្ឌា ដើម្បីឈានទៅចុះហត្ថលេខាឲ្យបានឆាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឱ្យមានការហោះហើរត្រង់ពីប្រទេសឥណ្ឌាមករាជធានីភ្នំពេញ និងពីឥណ្ឌាមកខេត្តសៀមរាប ដើម្បីជំរុញធ្វើយ៉ាងណាឱ្យទេសចរណ៍មានការកើនឡើងរវាងប្រទេសទាំងពីរ ជាពិសេសទៀត ដោយសារកម្ពុជាឥឡូវនេះបានបើកចំហសម្រាប់ទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយនោះ គឺពុំបានទាមទារឱ្យមានការធ្វើតេស្ត PCR ឬធ្វើតេស្តរហ័សពេលមកដល់នោះទេ ដូច្នេះក្នុងន័យនេះ សម្តេចបានស្នើសុំឲ្យឥណ្ឌាជួយជំរុញបន្ថែមឱ្យបានឆាប់រហ័ស។

សម្ដេចក៏បានគូសបញ្ជាក់ផងដែរ ពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងឥណ្ឌា ថ្វីត្បិតមានការធ្លាក់ចុះនៅសម័យកាលកូវីដ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ ៣០០លានដុល្លារផងដែរ៕