(រតនគិរី)៖ បេសកកម្មលើទឹកដីនៃខេត្តរតនគិរី រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨ ខែឧសភា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាជនជាតិភាគតិចងាយរងគ្រោះបំផុតសរុបចំនួន ៧៧៨គ្រួសារ រស់នៅខេត្តរតនគិរី (ក្នុងនោះ ២០០គ្រួសារ រស់នៅឃុំលំជ័រ និងឃុំយ៉ាទុង នៃស្រុកអូរយ៉ាដាវ, ១៩០គ្រួសារ រស់នៅឃុំតាឡាវ និងឃុំញ៉ាង នៃស្រុកអណ្តូងមាស, ១៨៨គ្រួសារ រស់នៅឃុំតាវែងលើ នៃស្រុកតាវែង, និង ២០០គ្រួសារ រស់នៅឃុំវើនសៃ និងឃុំកុកឡាក់ នៃស្រុកវើនសៃ)។

ក្នុងរយៈពេលពីរថ្ងៃនេះ ក្រុមការងារកាកបាទក្រហមកម្ពុជានៃទីស្នាក់ការកណ្តាល ដឹកនាំដោយលោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌នៅតាមទីតាំងចំនួន ៨កន្លែងផ្សេងគ្នា និងចុះផ្ទាល់ដល់ផ្ទះមួយចំនួនទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយើង។

ក្នុងឱកាសនោះ លោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំនូវព្រះរាជបណ្តាំ និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនចំពោះ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីអាណិតស្រឡាញ់ និងនឹករលឹកជាទីបំផុត។ លោកបានគូសបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ទោះជាមានការមមាញឹកយ៉ាងណា សម្តេចនៅតែបន្តដឹកនាំ និងចង្អុលបង្ហាញឲ្យក្រុមការងារចុះធ្វើសកម្មភាពមនុស្សធម៌ជាប្រចាំ ដោយផ្តោតលើមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា។

លោកវេជ្ជបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក៏ដូចជាសប្បុរសជននានាផ្សេងទៀតដែលតែងតែចូលរួមជាសម្ភារៈ និងថវិកាសម្រាប់សកម្មភាពមនុស្សធម៌ ជាពិសេស ព្រះរាជូបត្ថម្ភដ៏ឧត្តុងឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទាន ព្រះរាជទ្រព្យជារៀងរាល់ខែ រៀងរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ដើម្បីឲ្យកាកបាទក្រហមកម្ពុជា អាចបន្តសកម្មភាពមនុស្សធម៌បានកាន់តែប្រសើរ។

ទន្ទឹមនេះដែរ លោកវេជ្ជបណ្ឌិត ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ជាមួយគ្នានេះ សូមប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឲ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិតរបស់យើងបាន ហើយបានធ្វើឲ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងអាចស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

ប្រជាពលរដ្ឋដែលបានទទួលអំណោយទាំងនេះ បានសម្តែងនូវសេចក្តីសោមនស្សរីករាយបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះរាជហឫទ័យមេត្តា ករុណា និងទឹកចិត្តមនុស្សធម៌របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរជានិច្ចដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងជីវភាពគ្រប់ទីកន្លែងដោយមិនមានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានទទួលពីសប្បុរសជនក្នុងទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ១យួរ, ជែលលាងដៃ១ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ ដោយឡែកចំពោះចាស់ឥតទីពឹង ស្ត្រីមេម៉ាយ និងជនមានពិការភាព ទទួលបានថវិកាបន្ថែមមួយចំនួនទៀត៕