(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងថា គណបក្សប្រជាជន កម្ពុជា ដែលបានដឹកនាំប្រទេសជាតិគឺហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ដើម្បីបន្តអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសជូនជាតិមាតុភូមិ។

ការថ្លែងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើង ក្នុងឱកាសដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយសមាជិក គណបក្សនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

ថ្លែងក្នុងនាមប្រធានក្រុមការងារ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានផ្តាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សគ្រប់ថ្នាក់ អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទស្រុកថ្មពួក និងអង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋទាំងអស់ ដែលបានរួមចំណែកថែរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងជីវភាពរស់នៅល្អកាន់តែប្រសើរ ស្របតាមគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់៥ឆ្នាំទៀត (២០២២-២០២៧) ក្នុងជំហរ ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ដើម្បីបន្តអភិវឌ្ឍ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធសេរីភាពប្រជាជនគ្រប់រូបដោយសុខសាន្ត និងសុខដុមរមនា ពង្រឹងសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ផ្តល់សេវាសាធារណៈជូនប្រជាជនមានគុណភាព តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្ត៖ សេវារដ្ឋបាល សេវាអប់រំ សេវាសុខាភិបាល កសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី បច្ចេកវិទ្យាព័ត៌មាន ការគ្រប់គ្រងដីធ្លី សំណង់ នគរូបនីយកម្ម ការងារអនាម័យ និងបរិស្ថាន។ល។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបសមាជិកសមាជិកាគណបក្ស និងសមត្ថកិច្ច អ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តលើកកម្ពស់ការ ប្តេជ្ញាចិត្ត ជំរុញការអនុវត្តដោយឆន្ទៈមុតស្រួច ស្រុះដៃគ្នា និងប្រកប ដោយប្រសិទ្ធិភាព បន្តកសាងខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃមាតុភូមិឲ្យបានគង់វង្ស ការពារសន្តិភាព ស្ថិរភាព និងសន្តិសុខជាតិរឹងមាំ ដើម្បីធានាដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដោយចីរភាព និងការរស់នៅសុខសាន្ត របស់ប្រជាជន ប្រកាន់ខ្ជាប់នូវអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុស ក្អែល ព្យាបាល និងវះកាត់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ប្រកបដោយផ្លែផ្កា បង្កើនជំនឿទំនុកចិត្ត និងការគាំទ្រ ពីប្រជាណលរដ្ឋមកលើអាជ្ញាធរមូលដ្ឋាន និងគណបក្ស បន្តការអភិវឌ្ឍន៍ធនធានមនុស្ស ផ្លូវ ភ្លើង ទឹក ទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយចីរភាពផ្លែផ្កា និងសមធម៌ បន្តអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល និងត្រូវបង្កបរិយាកាសឱ្យបានល្អដល់គណបក្សនយោបាយនានាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បាននាំយកឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថ សឹករងស្រុក ប្រជាការពារ ក្រុមគ្រូពេទ្យក្នុង០១ក្រុមៗថវិកា៥០ម៉ឺនរៀល, ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗទទួលបាន១សារុង, ជួយកសាងអគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាភូមិស្វាយនៅឃុំថ្មពួក, ជួយកសាងអគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាព្រះឈរ នៅឃុំគោកកឋិន, ឧបត្ថម្ភ ៣០០០ សារុង ដល់គណបក្សស្រុកថ្មពួក, ឧបត្ថម្ភក្រុមការងារយុវជនស្រុកគ្រប់ថ្នាក់ ១០០នាក់ ម្នាក់ៗសារុង១ ថវិកា១ម៉ឺនរៀល និងឧបត្ថម្ភគណបក្សស្រុកថវិកា២លានរៀល និងគណបក្សឃុំចំនួន៦ឃុំ ក្នុង១ឃុំៗថវិកា២លានរៀលផងដែរ៕