(ហាណូយ)៖ ឧត្តមមន្ត្រីទេសចរណ៍កម្ពុជា និងវៀតណាម បានជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត ពិសេសដើម្បីសម្រួលឱ្យមានការធ្វើដំណើរឡើងវិញទាំងស្រុងរវាងប្រទេសទាំងពីរ សំដៅជំរុញចលនាភ្ញៀវទេសចរនៃប្រទេសទាំងពីរឡើងវិញ ក៏ដូចជាប្រទេសផ្សេងទៀតផងដែរ។

កិច្ចពិភាក្សានេះធ្វើឡើងនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោយមានការណែនាំរបស់រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរ។ ភាគីកម្ពុជាតំណាងដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំក្រុមការងារពិសេសជួបប្រជុំពិភាក្សាជាមួយភាគីវៀតណាមតំណាងដោយលោក ជិន ហ្វ៊ូគឿង (TRAN Phu Cuong) អគ្គនាយកសហប្រតិបត្តការអន្តរជាតិនៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងអាស៊ាននៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការពិភាក្សាដើម្បីសម្រួលការធ្វើដំណើរ របស់ប្រជាជន ប្រទេសទាំងពីរ ស្របតាមលក្ខខណ្ឌតម្រូវនៃប្រទេសនីមួយៗ គឺជាកម្មវត្ថុសំខាន់មួយនៃកិច្ចពិភាក្សាខាងលើនេះ។

លោកបានបញ្ជាក់ប្រាប់ Fresh News បន្ថែមទៀតថា ភាគីវៀតណាមលែងកំហិតឱ្យអនុវត្តវិធានការសុខាភិបាល និងការធ្វើតេស្តរកមេរោគកូវីដទៀតហើយ ការពាក់ម៉ាស់ ឬការអនុវត្តតាមវិធានអនាម័យនានា គឺជាការស្ម័គ្រចិត្តរបស់បុគ្គល ពោលគឺអនុវត្តដូចកាលពីមិនទាន់មានជំងឺកូវីដយ៉ាងដូច្នេះដែរ។ យ៉ាងណាមិញ ប្រជាជនវៀតណាមគឺបានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ១០០ភាគរយហើយ គិតមកទល់ពេលនេះ។

លោកបានថ្លែងយ៉ាងដូច្នេះថា «នៅខាងវៀតណាម គឺគេឈប់មើលអ្វីទាំងអស់ ដូចនៅមុនកូវីដអ៉ីចឹង គ្រាន់តែគេនៅតែណែនាំថាឱ្យយើងម៉ាស់ និងអនុវត្តវិធានអនាម័យតាមការស្ម័គ្រចិត្តដែរទេ ហើយគេក៏អត់ទាមទាររកកាត ចាក់វ៉ាក់សាំង ធ្វើរ៉ាបពីតតេស្តដែរ និយាយរួមគឺដូចកាលពីមុនកូវីដអ៉ីចឹង»។

លោក ទ្រី ឈីវ បានបន្តថា ទោះជាខាងភាគីវៀតណាមលើកលែងការអនុវត្តលក្ខខណ្ឌយ៉ាងណាក្ដី ប៉ុន្តែនៅខាងភាគីកម្ពុជាគឺភ្ញៀវទេសចរត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដូចជា ត្រូវចាក់វ៉ាក់សាំងដូសមូលដ្ឋាន ពេញលេញ និងត្រូវមានកាតចាក់វ៉ាក់សាំង រីឯសម្រាប់អ្នកមិនបានចាក់វ៉ាក់សាំង ឬមិនមានកាតចាក់វ៉ាក់សាំងទេនោះ គឺត្រូវធ្វើចត្តាឡីស័កត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ។ ចំពោះការពាក់ម៉ាស់ ការអនុវត្តវិធានអនាម័យ និងការធ្វើតេស្ត គឺការស្ម័គ្រចិត្តរបស់បុគ្គលម្នាក់ៗ។

លោកបានបញ្ជាក់ថា ចំពោះការសម្រួលការធ្វើដំណើរឡើងវិញទាំងស្រុងនេះនឹងចាប់អនុវត្តនាពេលឆាប់ៗខាងមុខនេះហើយ ខណៈនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម ក៏បានព្រមព្រៀងគ្នាក្នុងការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នាឡើងវិញទាំងស្រុងរួចមកហើយដែរ។ លោកថា បច្ចុប្បន្នការធ្វើដំណើរទៅមកកម្ពុជា-វៀតណាមក៏មានខ្លះហើយ គ្រាន់តែមិនទាន់ទូលំទូលាយ។

គួរជម្រាបថា ក្នុងជំនួបពិសេសនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ហ្វាម មិញឈីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានព្រមព្រៀងគ្នាក្នុងការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នាឡើងវិញទាំងស្រុង បន្ទាប់ពីការផ្អាកដោយសារការរាតត្បាតជំងឺកូវីដ-១៩ផងដែរ ខណៈកម្ពុជាក៏បានសម្រួលលក្ខខណ្ឌធ្វើដំណើរមួយចំនួនប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរបរទេស។

ជាមួយគ្នានោះដែរ លោក ទ្រី ឈីវ បានបន្តទៀតថា ភាគីកម្ពុជា-វៀតណាមក៏បានឯកភាពគ្នារៀបចំឱ្យមានជំនួបពិសេសរវាងរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរ នាពេលដ៏ឆាប់ខាងមុខ ដើម្បីអនុម័តលើផែនការខាងលើនេះឱ្យបានលឿនរហ័ស ក៏ដូចជាផ្តល់នូវគោលការណ៍ណែនាំផ្សេងៗទៀត ក្នុងនោះក៏នឹងមានការចូលរួមពីតំណាងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។

មន្ត្រីជំនាញនៃក្រសួងទេសចរណ៍រូបនេះបានសង្កត់ធ្ងន់ថា ក្នុងពេលដែលប្រទេសផ្សេងៗមិនទាន់បើកទេសចរណ៍ទូលំទូលាយឡើងវិញ កម្ពុជានិងវៀតណាមចាំបាច់ត្រូវតែចាប់យកឱកាសក្នុងការទាក់ទាញ និងជំរុញចលនាទេសចរ ក្នុងនោះគឺត្រូវសម្រួលលក្ខខណ្ឌនៃការធ្វើដំណើរឱ្យបានងាយស្រួលនិងសមស្រប។ លោកថា ការធ្វើយ៉ាងដូច្នេះប្រទេសទាំងពីរនឹងអាចជំរុញចលនាភ្ញៀវទេសចរទៅមកបានច្រើន បង្កើនប្រាក់ចំណូលដល់ប្រជាជន និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍។ លើសពីនេះក៏នឹងជួយពង្រឹងមិត្តភាព សាមគ្គីភាព ភាតរភាព និងចំណងការទូតរវាងប្រទេសទាំងពីរឱ្យកាន់ប្រសើរឡើងថែមទៀត ពីព្រោះនៅក្នុងពេលមានវិបត្តិ មានតែមិត្តភក្តិជិតខាងនេះហើយដែលអាចជួយគ្នាទៅវិញទៅមកបាន។

សូមរំឭកថា កម្ពុជា-វៀតណាមបានផ្អាកសកម្មភាពទេសចរណ៍ជាមួយគ្នាតាំងពីការរាតត្បាតជំងឹកូវីដ១៩នៅប្រទេសទាំងពីរមានការរីករាលដាលខ្លាំង ជាហេតុនាំឱ្យប្រទេសវៀតណាមប្រកាសផ្អាកការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសចូលក្នុងប្រទេសខ្លួន។ មកទល់ពេលនេះ កម្ពុជាបាននិងកំពុងអនុវត្តយន្តការទាក់ទាញភ្ញៀវទេសចរចាក់វ៉ាក់សាំង បន្ទាប់ពីប្រកាសបើកប្រទេសឡើងវិញកាលពីចុងឆ្នាំ២០២១។ ក្រសួងទេសចរណ៍កម្ពុជាក៏កំពុងផ្សព្វផ្សាយពី «កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅ» ផងដែរ៕