(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង លោកស្រី អភិបាលរងខណ្ឌ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ លោក លោកស្រីចៅសង្កាត់ ចៅសង្កាត់រង និងមន្ត្រីក្រោមឱវាទអញ្ជើញ សំណេះសំណាលជាមួយសមាគមមនុស្សចាស់ និងនាំយកអំណោយរបស់សាលាសង្កាត់បឹងកេងកងទី១។

ក្នុងឱកាសនេះ លោក ធឹម សំអាន បានលើកឡើងថា ដោយសារតែក្រុមការងារយើងខ្ញុំ សុទ្ធតែក្មេងជំនាន់ក្រោយ ដូច្នេះគ្មានអ្វីក្រៅពីប្រតិបត្តិ ចំពោះលោកអ៊ំ ពី មីង ទាំងអស់ ដើម្បីការដឹកនាំ និងពន្យល់ថា តើត្រូវធ្វើយ៉ាងម៉េច ដើម្បីឲ្យដំណើរការដឹកនាំអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់យើងឲ្យបានរលូន និងទទួលបានជោគជ័យនៅខណ្ឌបឹងកេងកង។

លោកអភិបាលបន្តថា ក្រោយពេលប្រកាសបង្កើតសមាគមមនុស្សចាស់ នៅក្នុងខណ្ឌបឹងកេងកង សូមឲ្យលោក អ៊ំ ពូ មីង ដែលជាសមាជិក រាយការណ៍មកលោកចៅសង្កាត់ ទាក់ទងនឹងស្ថានភាពនៃការរស់នៅ ដើម្បីថ្នាក់ដឹកនាំមានវិធានការ និងធ្វើការដោះស្រាយជូន។

លោកអភិបាលខណ្ឌ បានបន្ថែមថា «កម្ពុជាយើងមានប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌ ដែលសម្បូណ៌បែប និងសមិទ្ធផលទាំងឡាយ ហើយត្រូវបានរក្សាគង់វង្ស រហូតមកដល់សព្វថ្ងៃនេះ។ មរតកទាំងអស់នេះ កើតចេញពីស្នាដៃ គុណូបការៈ និងការអប់រំប្រៀនប្រដៅប្រកប ដោយគតិបណ្ឌិតនៃបុព្វបុរស និងចាស់ព្រឹទ្ធាចារ្យរបស់យើង ហើយក្នុងសង្គមយើង ប្រជាជនមិនត្រឹមតែមានទម្លាប់គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះទ ប៉ុន្ដែថែមទាំងធ្វើឱ្យការ គោរព និងការដឹងគុណមនុស្សចាស់នេះ ក្លាយទៅជាគោលនៃគុណធម៌ដែលបង្កើតបានជាវប្បធម៌ និងជាប្រពៃណីដ៏ល្អសម្រាប់ មនុស្សជំនាន់ក្រោយ។ ជាងនេះទៅទៀត ព្រឹទ្ធឱវាទ និងដំបូន្មានចាស់ទុំ គឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការ អប់រំសីលធម៌ និងចរិយាធម៌របស់សង្គមជាតិយើង»

លោក ធឹម សំអាន បានបន្តទៀតថា នៅក្នុងន័យនេះ ដើម្បីសម្ដែងនូវការដឹងគុណចំពោះ គុណូបការៈដ៏ថ្លៃថ្លារបស់ មនុស្សវ័យចាស់ រាជរដ្ឋាភិបាល បានរៀបចំនិងបង្កើតបទដ្ឋានគតិយុត្ត និងគោលនយោបាយជាតិជាបន្តបន្ទាប់ សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យបានល្អប្រសើរឡើង ក្នុងនោះមានជាអាទិ៍ ការផ្តល់ជូននូវរបបសន្តិសុខ សង្គមសម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ការបង្កើត មូលនិធិជនពិការ របបគោល នយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍។

ក្នុងនោះដែរ រាជរដ្ឋាភិបាល ក៏បានអនុវត្តគោលនយោបាយស្តីពី សុវត្ថិភាពសង្គមសម្រាប់កងកម្លាំងប្រដាប់អាវុធ និងនគរបាលត្រៀមចូលនិវត្តន៍ផងដែរ។ រាជរដ្ឋាភិបាល ក៏បានបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្ត គោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ និងមានគម្រោងគាំទ្រផ្សេងៗសម្រាប់ជួយលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់នៅកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះ ក៏មានអំណោយរបស់រដ្ឋបាលខណ្ឌបឹងកេងកង ដើម្បីចែកជូនដល់សមាគមមនុស្សចាស់ ចំនួន២៥០នាក់ ដោយក្នុងមួយនាក់ៗ ទទួលបានថវិកា ៥០.០០០រៀលផងដែរ៕