(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ មានសិទ្ធិ ជ្រើសរើសជីវភាពនយោបាយ ទៅតាមការពេញចិត្ត្ត និងទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថាថ បច្ចុប្បន្ននេះ យើងមើលឃើញយ៉ាងច្បាស់នូវការដឹកនាំប្រទេស និងគុណបំណាច់ដ៏មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជាតិឲ្យ រស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត មកដល់សព្វមានភាពសុខសាន្តពេញផ្ទៃប្រទេស»។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែរលោករដ្ឋមន្រ្តី និងលោកស្រី បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាលាបាលី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណរាម ហៅវត្តក្រែក ក្នុងភូមិក្រែកត្បូងឃ្មុំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៀតថា រាជរដ្ឋាភិបាល បានទប់ស្កាត់មិនឲ្យរបបដ៏យង់ឃ្នង ប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញ និងបានផ្តល់សិទ្ធិសេរីភាពគ្រប់យ៉ាង សេចក្ដីថ្លៃថ្នូរ និងស្តារអភិវឌ្ឍន៍សមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ទៀត។ ជាក់ស្ដែង សាលាបាលីដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ អស់ជិត៣០ម៉ឺនដុល្លារ ថែមទាំងវិស័យពុទ្ធិចក្រ មានសមិទ្ធផលនានាដែលកំពុងរីកដូចផ្សិតបណ្តាលវត្តអារាម ទាំងអស់នេះគឺកើតចេញពីកត្តាសន្តិភាព។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានជំរុញដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមការពារ និងថែរទាំសុខភាព តាមគ្រួសារឲ្យល្អ ហើយកុំភ្លេចទៅទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ពីរាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត ប្រសិនបើបងប្អូនបានចាក់ដូសទី១ ដូសទី២រួច ត្រូវទៅបន្តចាក់ដូសជំរុញបន្តទៀត ដើម្បីទប់ស្កាត់ បង្ការការពារជម្ងឺដ៍កាចសាហាវនេះ។

លោកបានណែនាំដល់ថ្នាក់ដឹកនាំចុះជួយភូមិឃុំ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ត្រូវយកចិត្តទុកដាក់ និងក្តាប់ឱ្យជាប់នូវព័ត៌មានសមាជិកនៅក្នុងភូមិរបស់ខ្លួន ហើយត្រូវណែនាំប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ត្រៀមលក្ខណៈសម្បត្តិ ក្នុងការទៅចូលរួម បោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ជាពិសេសត្រូវត្រៀមឯកសារបម្រើដល់ការបោះឆ្នោត ដូចជា អត្តសញ្ញាណប័ណ្ណជាដើម ដើម្បីបោះឆ្នោតជូនរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕