(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោកស្រី ស ចេង អមដំណើរដោយលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ចំពោះគ្រួសារកញ្ញា សុវត្ថិឌី ធារិកា ដែលលោកឪពុក អ្នកម្ដាយជាទីស្រឡាញ់បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកឆែប ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។

នៅក្នុងឱកាសដ៏សែនក្រៀមក្រំនេះលោក ប្រាក់ សុវណ្ណ និងលោកស្រី ព្រមទាំងសហការី បានសម្ដែងនូវការចូលរួមសោកស្ដាយជាពន់ពេក ចំពោះឧបទ្ទវហេតុដែលបានកើតឡើង បណ្តាលឱ្យបាត់បង់ឪពុកម្ដាយជាទីស្រឡាញ់ ដែលតែងអប់រំទូន្មានប្រៀនប្រដៅកូនចៅ ឱ្យដើរតាមគន្លងធម៌ ក្លាយជាកុលបុត្រ កុលធីតាល្អសម្រាប់សង្គមជាតិ។

ជាពិសេសកញ្ញា សុវត្ថិឌី ធារិកា កន្លងមកតែងបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត ចូលរួមចំណែកក្នុងការផ្សព្វផ្សាយលើកស្ទួយវិស័យវប្បធម៌ ទេសចរណ៍ តាមរយៈបទចម្រៀងជាច្រើនដែលរៀបរាប់ បរិយាយអំពីតំបន់សក្តានុពល វប្បធម៌ ទេសចរណ៍សំខាន់ៗ ដែលមានក្នុងខេត្តព្រះវិហារ។

លោកអភិបាលខេត្តព្រះវិហារ និងលោកស្រី ព្រមទាំងសហការី បានលើកហត្ថបួងសួងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពលោកឪពុក អ្នកម្តាយ របស់កញ្ញា សុវត្ថិឌី ធារិកា សូមបានដល់សុគតិភពកុំបីឃ្លៀងខ្លាតឡើយ។ លោក ប្រាក់ សុវណ្ណ និងលោកស្រី ព្រមទាំងសហការី បានចូលរួមបច្ច័យបុណ្យសពចំនួន១០លានរៀលផងដែរ។

សូមរលឹកថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥៖៤៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងដោយកត្តាល្បឿននិងស្ថានភាពផ្លូវកោងខ្លំាង ធ្វើឱ្យរថយន្តធ្លាក់ពីផ្លូវចូលស្នាមភ្លោះមាន ទឹកជម្រៅជាងមួយម៉ែត្រ លើផ្លូវចូលទៅឧទ្យានជាតិឬស្សីត្រិប នៅភូមិឆែបកើត ឃុំឆែមួយ ស្រុកឆែប ខេត្តព្រះវិហារ បណ្តាលឱ្យអ្នកបើកបរលោក មាស សុវណ្ណឌី អាយុ៥៩ឆ្នាំ ដែលត្រូវជាឪពុករបស់កញ្ញា ស្លាប់ពេលបញ្ជូនមកដល់ មណ្ឌលសុខភាពឆែប។ រថយន្តដែលជួបគ្រោះថ្នាក់នេះម៉ាកលុចស៊ីស RX-300 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BJ-1672។

ដោយឡែកអ្នករួមដំណើររួមមាន៖

*ទី១៖ ឈ្មោះ ពៅ ពុតធារី ភេទស្រី អាយុ៤៧ឆ្នាំ ដែលត្រូវជាម្តឆាយស្លាប់ ពេលបញ្ជូនមកដល់មណ្ឌលសុខភាពឆែប
*ទី២៖ កញ្ញា សុវត្ថិឌី ធីរីកា
*ទី៣៖ លោក សុវណ្ណឌី ឆាវីរៈយុទ្ធ
*ទី៤៖ លោកយាយ ទេព សាផាន ត្រូវជាម្តាយនៃគ្រួសាសព។ ក្រោយហេតុ សមត្ថកិច្ចបានប្រគល់សពដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ជាបណ្តោះអាសន្នសិន៕